ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ភេសជ្ជៈ និងនំចម្រុះ ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារស្ទឹងហាវ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹក សណ្តែកបណ្តុះ និងគល់ស្លឹកគ្រៃ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផល រកឃើញការដាក់តាំងលក់ភេសជ្ជៈ និងនំចម្រុះ ខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់សរុបចំនួន ៦.៧២ គីឡូក្រាម

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់