ព័ត៌មានជាតិ

ឆក់ចំពេលកម្លាំងនគរបាលកំពុងល្បាត មានអីអាវ៉ា…

ភ្នំពេញ: នៅវេលាម៉ោង ៦និង៣០នាទីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាសេសសល់ក្នុងករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី ចំណុចមុខផ្ទះសំណាក់សុភមង្គលផ្ទះលេខ៨អឺ ផ្លូវលេខ៥១ ភូមិទី៧ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហៀង រ៉ាស៊ី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅផ្ទះជួលផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះមិនស្គាល់ ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ ជនជាតិបរទេសស្បែកស (មិនបានដាក់ពាក្យបណ្តឹង)។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធ បានជិះម៉ូតូកង់បីតាមបណ្ដោយផ្លូវខាងលើពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះ លី តាន ភេទប្រុស អាយុ ១៧ឆ្នាំ និងឈ្មោះ ហៀង រ៉ាស៊ី បើកបរម៉ូតូម៉ាក NEX ពណ៌ស មកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច រំពេចនោះជនរងគ្រោះក៏ស្រែកឆោឡោ បង្កឲ្យជនសង្ស័យជាអ្នកបើកម៉ូតូភ័យជិះគេចខ្លួនបាត់ ជួនពេលនោះកម្លាំងនគរបាលខណ្ឌដូនពេញ កំពុងល្បាតឃើញជួយអន្តរាគមន៍ចាប់បានម្នាក់ ។

សូមបញ្ជាក់៖ ក្រោយពេលកើតហេតុជនរងគ្រោះ មិនដាក់ពាក្យបណ្ដឹងទេ ព្រោះដណ្ដើមយកទូរស័ព្ទមកវិញបាន រួចក៏អ្នកបើកកង់បីបន្តដំណើរទៅមុខទៀត ចំណែកជនសង្ស័យ ត្រូវកម្លាំងប៉ុស្តិ៍នាំយកទៅសួរចម្លើយស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់