ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់ខ្លួន ហើយនិងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខវត្តគៀនឃ្លាំង តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សា គីរីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិឥស្លាម មុខរបរ លក់ការ៉េម ចំណែកឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួននោះ មានឈ្មោះ ម៉ាន វី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិឥស្លាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន អ្នកទាំង២នាក់ មានទីលំនៅភូមិកំពង់ក្របី ឃុំកកូរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចយើងបានជិះល្បាតក្នុងមូលដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ម្តុំមុខវត្តគៀនឃ្លាំង ពេលនោះ ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងក៏ហៅឲ្យឈប់ តែជនសង្ស័យបានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួន ពេលនោះ កម្លាំងសមត្ថកិច្ចយើងក៏ធ្វើការដេញតាមរហូតឃាត់ខ្លួនបានសង្ស័យម្នាក់ រឺឯម្នាក់ទៀតបានរត់គេចបាត់ និងបានដកហូតនៅម្សៅក្រាមពណ៌(ស) ១៦កញ្ចប់ ជាប្រភេទ ម៉ាកទឹកកក រួចនិងម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1P-0629 ក្រោយមកសមត្ថកិច្ចយើងចាប់បញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ។
បើតាមការសារភាពពីជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ បាននិយាយប្រាប់ថា មុនដំបូងជនសង្ស័យម្នាក់ឈ្មោះ ម៉ាន វី បានមកបបួររូបខ្លួនទៅមើលបាក់ទាត់ ហើយរូបគេបាននិយាយប្រាប់ទៅវិញ ដោយរូបគេពុំប្រាក់នៅក្នុងខ្លួននោះឡើយ។ ស្រាប់តែជនសង្ស័យឈ្មោះ ម៉ាន វី បានប្រាប់រូបគេថា មិនអីទេ ចាំគេចេញថ្លៃហូបអី ក្រោយមក រូបគេក៏បានទៅជាមួយគ្នា បន្ទាប់មក ជនសង្ស័យឈ្មោះ ម៉ាន វី បានដឹករូបគេទៅម្តុំថ្នល់រថភ្លើង ក្បែររោងចក្រឆ្នាំងស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយរូបគេបានអង្គុយចាំនៅខាងក្រៅ បន្ទាប់ពីទិញថ្នាំរួចហើយ ពួកគេទាំង២នាក់ ក៏បាននាំគ្នាជិះម៉ូតូត្រឡប់ទៅវិញ គោលបំណងយកទៅលក់នៅឯខេត្តកំពង់ចាម។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតីវិធីច្បាប់៕
មតិយោបល់