ប្រទេសវៀតណាមត្រូវបានរំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧.៥៧២លាននាក់ នៅក្នុងឆ្នាំ ២០១៣ ដោយបានកើនឡើង ១០,៦ភាគរយ។ នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឲ្យដឹងនៅថ្ងៃអង្គាកន្លងទៅ។
ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០១៣ មានចំនួន ៤,៦៤លាននាក់មកទស្សនាក្នុងប្រទេសសម្រាប់វិស័យទេសចរណ៍ និងរមណីយដ្ឋាន ដោយបានកើនឡើង ១២,២ភាគរយ។ ភ្ញៀវទេសចរណ៍ ១,២៦លាននាក់ផ្សេងទៀតមកសម្រាប់វិស័យមុខជំនួញ ចំណែក ១,២៧លានផ្សេងទៀតមកដើម្បីសួរសុខទុក្ខសាច់ញាតិ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិ។
ចិន កូរ៉េខាងត្បូង ជប៉ុន កម្ពុជា ម៉ាឡេស៊ី និងអូស្ត្រាលី ជាប្រទេសដែលមានភ្ញៀវទេសចរអន្តរជាមកទស្សនាប្រទេសវៀតណាម។ នៅក្នុងឆ្នាំ ២០១៣ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរចិនចំនួន ១,៩លាននាក់ (កើនឡើង ៣៣,៥ភាគរយ) ភ្ញៀវទេសចរកូរ៉េខាងត្បូង ចំនួន ៧៤៧.៧០០នាក់ (កើនឡើង ៦,៨ភាគរយ) មកពីជប៉ុនចំនួន ៦០៤.១០០នាក់ (កើនឡើង ៤,៨ភាគរយ)។
ប្រទេសវៀតណាម មានគម្រោងដើម្បីទាក់ទាញភ្ញៀវទេសរអន្តរជាតិ ចំនួន ៨លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ចំនួន ៤០លាននាក់ ក្នុងឆ្នាំ ២០១៤ ជាមួយ ប្រាក់ចំណូល ១០,៤២ពាន់លានដុល្លារ អាមេរិក ពីវិស័យទេសចរណ៍៕
មតិយោបល់