ព័ត៌មានជាតិ

នគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ស្រាវជ្រាវ ឃាត់ខ្លួន ជនជាតិចិន ២នាក់ លួចម៉ូតូ៥គ្រឿង

ព្រះសីហនុ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបាលឲ្យដឹងថា កម្លាំង នគរបាល ព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានសហការជាមួយកម្លាំង អធិការដ្ឋាន នគរបាលក្រុង និងកម្លាំងប៉ុស្តិ៍សង្កាត់៤ ស្រាវជ្រាវករណី គាស់សោរទ្វារ របងផ្ទះ ចូលលួចម៉ូតូ៥គ្រឿង តាមពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះរងគ្រោះ នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទីព្រឹក។

បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍សង្កាត់៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ ចំនួន២ នាក់ជាបន្តបន្ទាប់ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី នៅចំណុចផ្លូវអូរ២ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ព្រមទាំងដកហូតបាន វត្ថុតាងម៉ូតូដែល បានបាត់ចំនួន ៤គ្រឿង ត្រឡប់មកវិញ ។

ជនរងគ្រោះឈ្មោះ HUO PENG JUN ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរលក់កញ្ចក់ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារបាត់បង់ ៖ កុំព្យូទ័រ ១គ្រឿង, ម៉ូតូ៥គ្រឿង (ម៉ាក Scoopy ពណ៌ខ្មៅ ១គ្រឿង ,ម៉ាក Air Blade ពណ៌ខ្មៅលាយស្វាយ ១គ្រឿង និងម៉ាក Wave RSX ពណ៌ក្រហមលាយខ្មៅ ៣គ្រឿង) ។

ជនសង្ស័យទាំង២នាក់ ៖
១-ឈ្មោះ Wang ZhongHua ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន(គ្មាន)ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ” ជនដៃដល់លួចម៉ូតូ ” ។

២-ឈ្មោះ Xu ZhenQi ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ:E85504878 ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ” សហចារី ” ។

វត្ថុតាងចាប់យកបាន ៖ ម៉ូតូ៤គ្រឿង (ម៉ាក Scoopy ពណ៌ខ្មៅ១គ្រឿង ,ម៉ាក Air Blade ពណ៌ខ្មៅលាយស្វាយ១គ្រឿង និងម៉ាក Wave RSX ពណ៌ ក្រហមលាយខ្មៅ ២គ្រឿង) , ទូរដែក ១គ្រឿង, សោរម៉ូតូចំនួន ៦, ទូរស័ព្ទដៃចំនួន ២គ្រឿង ។

ករណីនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ កំពុងបន្តតាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

 

មតិយោបល់