ភ្នំពេញៈ កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩និង១០នាទីយប់ ស្ថិតតាមបណ្ដោយផ្លូវលេខ១៣៥កែង និងផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយស្រ្តី ២នាក់ម្ដាយកូន ជិះម៉ូតូដេញតាមចោរឆក់។
ស្រ្តីរងគ្រោះមានអាយុ ២៩ឆ្នាំ មិនស្គាល់ឈ្មោះ អាស័យដ្ឋានផ្ទះគ្មានលេខ ភូមិជាព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កូនស្រីអាយុជាង ៧ឆ្នាំ អ្នកទាំង ២ជិះម៉ូតូម៉ាក ZOMERX ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GC-5335។
ជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HO-6280 ត្រូវសមត្ថកិច្ចយកទៅរក្សាទុក។
រថយន្តសណ្តោងម៉ាក FUSU ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ កំពង់ធំ 3A-2124 បើកដោយបុរសមិនស្គាល់អត្តសញ្ញាណត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ២នាក់ម្ដាយកូនខាងលើ ធ្វើដំណើរពីលិចទៅកើត បានជិះម៉ូតូដេញតាមម៉ូតូមួយគ្រឿងទៀត រួចស្រែកថា ចោរៗ ស្រាប់តែមកដល់ចំណុចកើតហេតុ ម៉ូតូទាំង ២គ្រឿង ក៏ជ្រុលទៅបុកចំពាក់កណ្ដាលកង់រថយន្តដឹកទំនិញ ដែលកំពុងធ្វើដំណើរពីជើងទៅត្បូង បណ្ដាលឲ្យម៉ូតូជនរងគ្រោះចូលក្រោមកង់រថយន្តអូសជាង ១០០ម៉ែត្រ ទើបអ្នកបើកបរចាប់ហ្រ្វាំងឈប់ និងបាក់ជើងទាំង ២ រីឯជនសង្ស័យ រងរបួសស្រាលរត់ចោលម៉ូតូបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការខណ្ឌចំការមន ដើម្បីកសាងតាមនីតិវិធី និងស្វែងរកជនសង្ស័យបន្ត ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
មតិយោបល់