សៀមរាបៈ បុរសម្នាក់ត្រូវបានឃាតករចាក់សម្លាប់ រួចយកទៅផ្លុងចោលនៅវាលស្រែនៃស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រួចរាយការណ៍ទៅសមត្ថកិច្ច កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅចម្ងាយពីភូមិប្រហែល២០០ម៉ែត្រ ក្នុងភូមិឆេះចាន ឃុំស្វាយលើ ស្រុកស្វាយលើ។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា មុនដំបូងគាត់បានដឹកគោយកទៅចង ស្រាប់តែប្រទះឃើញសពបុរសដេកស្លាប់ ក៏បានរាយការណ៍ទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយលើ ហើយភ្លាមៗ នោះកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការហ៊ុមព័ទ្ធ កន្លែងសពជនរងគ្រោះរងចាំកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះទៅធ្វើការពិនិត្យ។
សមត្ថកិច្ច បានបង្ហើបឲ្យដឹងថា បើតាមការសន្និដ្ឋាន ករណីខាងលើនេះ ជាអំពើឃាតកម្មពីព្រោះនៅលើរូបរាងកាយជនរងគ្រោះមានស្លាកស្នាមចាក់និងកាំបិតនៅផ្នែកខាងក្រោយទើបបណ្ដាលឲ្យស្លាប់។ សមត្ថកិច្ចបានបន្តថា នៅកន្លែងកើតហេតុមិនបានបន្សល់ទុកអ្វីដែលឲ្យសមត្ថកិច្ចស្គាល់អត្តសញ្ញាណនោះទេ សពស្លៀកពាក់អាវការ៉ូល្អិត ពណ៌ប្រផេះ ស្លៀក ខោប៊ូយ ជើងវែង ហើយមានរុំស្បៃម៉ុង ពណ៌ខៀវ។
សមត្ថកិច្ចបានបន្ថែមថា ជនរងគ្រោះអាចត្រូវបានជនល្មើសចាក់សម្លាប់ ហើយប្លន់យករបស់អ្វីមួយ ហើយយកសពទៅទម្លាក់ចោលនៅវាលស្រែ។
បច្ចុប្បន្ន សពត្រូវបានយកទៅរក្សាទុកនៅវត្តត្រាង ស្ថិតក្នុងស្រុកស្វាយលើ រងចាំក្រុមគ្រួសារ ឬ សាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់