ព័ត៌មានជាតិ

ជនជាតិចិនមានអាវុធ បម្រុងធ្វើសកម្មភាពប្លន់ ត្រូវសមត្ថកិច្ចដេញតាមដល់ទឹកសាប ក្រឡាប់រថយន្តចាប់បានម្នាក់ ពីរនាក់ទៀតរត់គេចខ្លួន

ព្រះសីហនុ: កាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កម្លាំងល្បាតបានប្រទះឃើញរថយន្ដតាកូមា ១គ្រឿង បានបើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ដោយរថយន្តខាងលើ បានយកស្បោងប្លាស្ទិក ពណ៌ខ្មៅ បិតផ្លាកលេខ ដែលគួរឲ្យសង្ស័យ ជាក្រុមជនទុច្ចរិត បម្រុងចេញធ្វើសកម្មភាពប្លន់ ឬចាប់ជំរិត។ទើបភ្លាមនោះកម្លាំងជំនាញ បានបោះដៃសហការគ្នា បើកម៉ូតូតាមឃ្លាំមើល តែត្រូវជនសង្ស័យដឹងខ្លួន ក៏បើករថយន្តបង្វែងដាន រត់គេចខ្លួនឡើងទៅផ្លូវជាតិ៤។

ដោយកម្លាំងសមត្ថកិច្ច បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការដេញតាមរហូតហួសស្ពានទឹកសាប ឃុំរាម ជនសង្ស័យ បានបត់រថយន្តចូលផ្លូវលំមួយ ដើម្បីគេចខ្លួន តែរថយន្ដបើកលឿន ក៏បានក្រឡាប់តែម្តង ពេលនោះ ជនសង្ស័យបានព្យាយាមលូនចេញពីរថយន្ត ដើម្បីរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួនបានម្នាក់ និងដកហូតវត្ថុតាងកាំភ្លើងខ្លី១ដើម ខណ:ជនសង្ស័យ២នាក់ទៀត បានរត់គេចខ្លួន ចូលពួនក្នុងព្រៃ ហើយកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្វែងរកបន្ត។

សូមជំរាបថា ពេលរថយន្តក្រឡាប់ នៅវេលាម៉ោង ១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ ជនសង្ស័យឈ្មោះ WANGHONGTAO ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរអ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតបាន៖ កាំភ្លើងខ្លី១ដើម ម៉ាកZORAKI ពណ៌ខ្មៅ លេខ000232 បង់១មាន៥គ្រាប់ និងរថយន្តម៉ាក TAKOMA ពណ៌ទឹកប៉ិច ផ្លាកលេខ ភ្នំពេញ2BD-7915។

ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

មតិយោបល់