ព័ត៌មានជាតិ

ប្រុសក្មេងសង្ហាជាងប្តី រត់តាមសាហាយស្មន់ ទុកកូន២នាក់ និង ប្តីចោលទាំងគ្មានស្រណោះ

ភ្នំពេញៈ បុរសម្នាក់បានត្រឹមសម្រក់ទឹកភ្នែក សង្វេគកំសត់ខ្លួនឯង ដោយអភ័ព្វស្នេហ៍ ប្រពន្ធដែលដេកឱបនឹងដើមទ្រូងរាល់ថ្ងៃ បែរនាំប្រុសក្មេង រត់ចុះចោល ប្តី និងកូនប្រុសស្រី បាត់ ទុកឲ្យក្រំចិត្ត បានត្រឹមមកប្តឹងសមត្ថកិច្ច ប៉ុស្តិ៍កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រងអារម្មណ៍ក្តុកក្តួលបង្ហូរទឹកភ្នែក នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

បុរសខាងលើមានឈ្មោះ មុំ មឿន អាយុ៣៦ឆ្នាំ មុខរបរ ដើររកត្រី ចំណែកប្រពន្ធ ឈ្មោះ មឿន ស្រី អាយុ២៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ជាប់របងវត្តតាំងកសាងខាងជើង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្នោតទោល ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមស្ត្រីឈ្មោះ ខឹម មួន អាយុ៦០ឆ្នាំ មុខរបរ ដើរស៊ីឈ្នួលគេ ត្រូវជាម្តាយខាងកូនស្រី ស្នាក់នៅជាមួយកូនៗទាំង២នាក់ នៅចំណុចខាងលើ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០កន្លងមក ខណៈដែលគាត់ជាប់រវល់ ទៅពិនិត្យព្យាបាលជំងឺនៅប្រទេសវៀតណាម កូនស្រីបង្កើតរបស់គាត់ បានរត់ចេញពីផ្ទះបាត់ ចោលកូន ចោលប្តី ហើយបើតាមអ្វីសាកសួរដឹង កូនស្រីរបស់គាត់ ទៅជាមួយយុវជនម្នាក់ ដែលស្នាក់នៅក្នុងវត្តតាំងកសាងខាងជើង មិនដឹងថា នាំគ្នារត់ទៅណា ក្រោយពីដឹងថា បាត់កូនក៏ នាំគ្នារត់ទៅប្តឹងប៉ូលិស កាលពីថ្ងៃទី០៧ ខែមករា តែសមត្ថកច្ច មិនទទួលពាក្យបណ្តឹង ក៏នាំគ្នា បន្តដើរស្វែងរក រកមិនឃើញ ទើបនៅព្រឹកថ្ងៃទី១១ ខែមករា នេះ នាំចៅប្រុសស្រី កូនប្រសារ មកសុំដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍កាកាបទី២ ដល់ប៉ូលិសសាកសួរ ដឹងរឿង ប្រាប់ឲ្យទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍កាកាបទី១វិញ ។

តាមបុរសជាប្តី ឈ្មោះ មុំ មឿន បានឲ្យដឹងថា គាត់រៀបការត្រឹមត្រូវ ជាមួយប្រពន្ធរបស់គាត់ខាងលើ កាលពីអំឡុងឆ្នាំ២០១១ មានកូន២នាក់ ប្រុសម្នាក់ អាយុ៤ឆ្នាំ ស្រីម្នាក់ អាយុ៦ឆ្នាំ ជាចំណងស្នេហ៍ ហើយបាននាំគ្នាទាំងគ្រួសារ មកស្នាក់នៅ ភូមិខាងលើ ។ បុរសជាប្តីបានរៀបរាប់ទាំងទឹកភ្នែកថា តាមអ្វីដែលដឹង ប្រពន្ធរបស់គាត់ លួចបង្កាត់ស្នេហា ជាមួយយុវជនម្នាក់ ស្នាក់នៅក្នុងវត្ត តាំងកសាង តែមិនដឹងថា ស្នេហាស៊ីជម្រៅដល់កម្រិតណានោះទេ ស្រាប់តែនៅព្រឹកថ្ងៃទី០៥ ខែមករា កន្លងមក ខណៈដែលគាត់រវល់ចេញទៅរកបាចត្រី វិលមកវិញ ប្រពន្ធចុះចោលបាត់ ហើយយុវជន ដែលសង្ស័យថាជាសាហាយស្មន់ក៏បាត់ផងដែរ៕

មតិយោបល់