ព័ត៌មានជាតិ

អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនសង្ស័យ ២នាក់ ហៅជិះរួចធ្វើសកម្មភាពប្រើដាវគំរាមប្លន់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: កាលពេលវេលាម៉ោង ១២និង១០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានករណី លួចមានស្ថានទម្ងន់ទោស (ប្រើដាវគំរាមប្លន់យកម៉ូតូ) នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ លន់ ផល្លី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខឯកជន ស្នាក់នៅភូមិថ្មី សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ តឹក ចម្រើន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះអង្គុយលើម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខមិនចាំ រង់ចាំឌុបម៉ូយនៅមុខ ហាងថៃសាន្ត ខណ្ឌចម្ការមន ពេលនោះក៏មានជនសង្ស័យ ០២នាក់ ឈ្មោះ តឹក ចម្រើន និងឈ្មោះ ញ៉ា បានហៅជនរងគ្រោះ ឲ្យឌុបមកសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារ អំពៅ ពេលនោះជនរងគ្រោះក៏ឌុបជនសង្ស័យទាំង ០២នាក់ មកដល់ចំណុចកើតហេតុ ជនសង្ស័យក៏ឲ្យជនរងគ្រោះឈប់ម៉ូតូ រួច យកដាវគំរាមប្លន់យកម៉ូតូម៉ាកខាងលើ ជិះគេចខ្លួនយកម៉ូតូទៅឲ្យបក្ខពួក០១នាក់ទៀតឈ្មោះ ឌែម យកទៅបញ្ចាំឲ្យគេបាត់ ចំណែក ដាវជនសង្ស័យបោះចោលបាត់។ រហូតដល់ ម៉ោង ១២និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តឹក ចម្រើន នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

បញ្ជាក់៖ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០១ឆ្នាំ ក្នុងឆ្នាំ២០១២ ពីបទ៖ លួច និងប្រើប្រាស់គ្រឿងញៀន៕

មតិយោបល់