ព័ត៌មានជាតិ

ជនជាតិចិនចំនួន ១៦នាក់ត្រូវបណ្តេញចេញពីប្រទេសកម្ពុជា

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ ហង្ស ជឿន ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធី(ស្តីទី) សហការជាមួយ ប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញ នូវជនជាតិចិនចំនួន ១៦នាក់។

លោកឧត្តមសេនីយ៍ទោ ហង្ស ជឿន ប្រធាននាយកដ្ឋានស្តីទី បានឲ្យដឹងថា ជនសង្ស័យចំនួន ១៥នាក់ ទទួលមកពី នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងបទល្មើស ឆបោក តាមប្រព័ន្ធទូរគមនាគមន៍ និងជនសង្ស័យចំនួន ០១នាក់ទៀត ទទួលមកពី ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើស ព្រហ្មទណ្ឌ ប្រព្រឹត្តនៅប្រទេសចិន ត្រូវបានបណ្តេញចេញ តាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ ចំនួន ១៥នាក់ និងជាស្ថាពរ ចំនួន ០១នាក់ តាមជើងយន្តហោះ KR929 ព្រមទាំងមានការចូលរួម សហការពីសំណាក់តំណាងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមត្ថកិច្ចនគរបាល ពីប្រទេសចិន មកទទួល និងអមដំណើរ ទៅប្រទេសចិនវិញ៕

 

 

 

មតិយោបល់