ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់៣២ គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញ និងដកហូត

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅតាមបណ្តាម៉ាតតូចធំ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានចូលរួមផ្សព្វផ្សាយប្រកាសលេខ ១៧២ របស់ក្រសួងពាណិជ្ជកម្មស្តីពីការបិទស្លាកតម្លៃលើមុខទំនិញនិងសេវាកម្មគ្រប់ប្រភេទជាប្រាក់រៀលខ្មែរផងដែរ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៣២ គីឡូក្រាម ។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ ហើយបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់