ភ្នំពេញៈ កាលពីវេលាម៉ោង ១០ និង ២០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ស្ថិតសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់នឹងកន្លែងកើតហេតុ ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូម៉ាក ធូដេ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GV-0473 តាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចខាងលើ ក៏ត្រូវរថយន្តធុនធំ ដឹកដី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2810 បើកបរដោយឈ្មោះ តាំង ពិសិទ្ធ ភេទប្រុស អាយុ ២៧ ឆ្នាំ វាជែងខាងឆ្វេងដៃ ធ្វើឲ្យប៉ះដៃចង្កូតម៉ូតូដួល រួចកិនជនរងគ្រោះតែម្ដង បន្ទាប់ពីកើតហេតុតៃកុងរថយន្តព្យាយាមរត់ តែត្រូវពលរដ្ឋដេញឃាត់បាន ប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍ស្ទឹងមានជ័យទី២ យកទៅសួរនាំ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ៕
មតិយោបល់