ព័ត៌មានជាតិ

រថយន្តដឹកហ្គាស បើកឆ្លងផ្លូវ ទៅបុកម៉ូតូលេត របួសបាក់ជើងបុរសម្នាក់

ភ្នំពេញ: បុរសម្នាក់ រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកូរ៉េដឹកហ្គាស បើកឆ្លងផ្លូវទៅបុកម៉ូតូលេត កាលពីវេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ សេង ច័ន្ទ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងរបួសធ្ងន់របួសបាក់ជើង ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ជិះម៉ូតូម៉ាកលេត ពណ៌ស ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1GT-5859 ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តកូរ៉េ ពណ៌ស ដឹកហ្គាស បើកឆ្លងផ្លូវជាតិលេខ៣ ពីលិចទៅកើត បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកមធ្យោបាយទាំង ២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់