បន្ទាយមានជ័យៈ ស្របពេលដែលត្រីក្នុងស្រុកកំពុងរងនូវការវិនាសជិតផុតពូជ ត្រីចិញ្ចឹមរបស់ប្រទេសវៀតណាម ត្រូវបានឈ្មួញនាំយកមកលក់ចែកចាយយ៉ាងគគ្រឹកគគ្រេង មន្ត្រីជំនាញត្រូវបានគេរាយការណ៍ថា អាចនឹងបានសើមមាត់សើមកក្នុងការដឹកជញ្ជូននេះ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ រថយន្តយីឌុបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-1815 ដែលផ្ទុកត្រីវៀតណាមរាប់សិបតោនបានដឹកមកធ្វើការចែកចាយយ៉ាងរលូនក្នុងទីតាំងផ្សាររាត្រីTM ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
អាជីវករមកពីគ្រប់ស្រុកនៃខេត្តនេះ ដែលកំពុងដណ្តើមគ្នាទិញបាននិយាយថា ត្រីទាំងនេះ គឺជាត្រីដែលនាំចូលពីប្រទេសវៀតណាម។ពួកគាត់ដឹង តែបើមិនទិញស្រុកយើងវាអត់ហើយ មួយវិញទៀត គឺជាតម្រូវការរបស់ប្រជាពលរដ្ឋមិនអាចខ្វះបាន។ នៅតាមបណ្តាស្រុកចុងកាត់មាត់ញក គឺគ្មានត្រីសម្រាប់បរិភោគទេ ដូច្នេះត្រូវបង្ខំចិត្តទិញហើយលក់ចែកចាយ។
អាជីវករទាំងនោះក៏បានបញ្ជាក់ផងដែរថា ការដែលអាចដឹកជញ្ជូនមកលក់ដោយសិរីបែបនេះ គឺអាចជាការបើកភ្លើងខៀវពីសមត្ថកិច្ចជំនាញជលផល។
ទាក់ទងនិងការដឹកជញ្ជូននេះលោក ហ៊ី សេងគ្រី នាយសង្កាត់ជលផលក្រុងសិរីសោភ័ណបាននិយាយថា ត្រីទាំងនេះត្រូវបានគេនាំចូលមកពីរាជធានីភ្នំពេញ ដោយក្រុមឈ្មួញដែលមានការបង់ច្បាប់ត្រឹមត្រូវ។ ពាក់ព័ន្ធនឹងព័ត៌មានថា ទទួលបានលាភសក្ការៈលោក ហ៊ី សេងគ្រី និយាយហាក់មានការលាក់លៀម ខណៈលោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យភ្នាក់ងារយើងមិនអាចទាកទង់សុំការបំភ្លឺបានទេ៕
https://youtu.be/POaZr9N9ppw
មតិយោបល់