ភ្នំពេញៈ បន្ទាប់ពីដណ្ដើមបានមេដាយមាស ពីការប្រកួតជម្រុះអូឡាំពិកសម្រាប់ទ្វីបអាស៊ី និងដណ្ដើមបានមេដាយប្រាក់ពីការប្រកួតជើងឯកទ្វីបអាស៊ី ពីប្រទេសហ្វីលីពីន កីឡាការិនីសន សៀវម៉ី ត្រូវគេមហាជនភាគច្រើនចាប់អារម្មណ៍មិនខុសគ្នា ពីពេលដែលនាងបានឈ្នះមេដាយមាសពីកីឡាអាស៊ីនោះឡើយ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់បានអះអាងថា ការទទួលស្វាគមន៍ចំពោះនាង និងប្រាក់រង្វាន់ នឹងទទួលបានមិនដូចគ្នានឹងអ្វីដែលប្រតិភូអូឡាំពិកកម្ពុជាធ្លាប់បានធ្វើឲ្យនាងនោះឡើយ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មការជាតិអូឡាំពិកកម្ពុជាបានថ្លែងប្រាប់ថា តាំងពីឆ្នាំ ១៩៥៤ នេះជាលើកទី១ ដែលបានឱកាសពេញសិទ្ធិក្នុងការទៅប្រកួតនៅក្នុងព្រឹត្តិការណ៍អូឡាពិកពិភពលោក ដោយមិនមែនជាសិទ្ធិអនុគ្រោះ ក្នុងនាមជាសមាជិកមួយរូប។
លោកថារៀងរាល់៤ឆ្នាំម្ដង កម្ពុជាបានទទួលសិទ្ធិអនុគ្រោះតែលើវិញ្ញាសារ២ប៉ុណ្ណោះដើម្បីបានចេញទៅប្រកួត គឺវិញ្ញាសាររត់ប្រណាំង២នាក់ និងវិញ្ញាសារហែលទឹក២នាក់ ដោយសារតែការប្រកួតជម្រុះរបស់កីឡាករកីឡាការិនីកម្ពុជាដើម្បីបានចេញទៅប្រកួតនៅអូឡាំពិកគឺមិនដែលជាប់។
លោកចាត់ទុកថានេះជាការបើកប្រវត្តិសាស្រ្តក្នុងរយៈពេល៦២ឆ្នាំ ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិករបស់កីឡាអូឡាពិក។ លោកមានប្រសាសន៍ថា «៦២ឆ្នាំគត់ដែលកម្ពុជាមានកៅអីពេញសិទ្ធិនៅអូឡាំពិក វាជាមោទនភាពធំណាស់សម្រាប់កម្ពុជាបន្ទាប់ពីអាសៀវម៉ីដណ្ដើមបានមេដាយមាសពីការប្រកួតជម្រុះនៅទ្វីបអាស៊ី សម្រាប់ព្រឹត្តិការណ៍អូឡាំពិកនេះ»។
យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា មេដាយដែលនាងទទួលបានមិនអាចប្រៀបធៀបនឹងមេដាយមាសកាលដែលនាងដណ្ដើមបាននៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីនោះទេ បើទោះជាកីឡាការិនីដែលបានចូលប្រកួត គឺមកពីប្រទេសភាគច្រើននៅទូទាំងទ្វីបអាស៊ីដូចគ្នា នឹងកីឡាអាស៊ីនោះក៏ដោយ។
លោកនិយាយថា «ការពិតការប្រកួតជម្រុះទ្វីបអាស៊ីគឺដូចគ្នានឹងការប្រកួតកីឡាអាស៊ីសម្រាប់វិញ្ញាសារតៃក្វាន់ដូអញ្ចឹង ប៉ុន្តែមេដាយវាអត់អាចស្មើមេដាយ Game បានទេ វាគ្រាន់តែលើមេដាយជើងប៉ុណ្ណោះ អញ្ចឹងហើយទើបយើងក៏អត់មានគម្រោងនឹងធ្វើអីឲ្យគគ្រេងដូចគ្នានឹងពេលដែលគាត់បានទទួលមេដាយមាសកាលពីឆ្នាំ២០១៤នោះ ប៉ុន្តែយើងនឹងមានការទទួលគាត់ និងមានការលើកទឹកចិត្តចំពោះគាត់!»។
លោកថានៅថ្ងៃទី២១ មេសា វេលាម៉ោង១រសៀល ក្នុងពេលដែលនាងចុះពីលើយន្តនោះ គណកម្មការជាតិអូឡាំពិកនឹងទៅទទួលនាងស្វាគមន៍នាង ដល់ព្រលានយន្តហោះ និងយកនាងមកធ្វើពិធីអបអរសាទរការទទួលមេដាយនៅក្នុងគណកម្មការជាតិអូឡាំពិកកម្ពុជា ដោយមានរដ្ឋមន្ត្រី២រូប គឺរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន ជាប្រធានអូឡាំពិកកម្ពុជា និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុន ធ្វើជាគណអធិបតី។
ពាក់ព័ន្ធនឹងប្រាក់រង្វាន់លោកថា សម្រាប់មេដាយជើងឯក និងមេដាយមាសសម្រាប់ការប្រកួតចម្រុះប្រចាំទ្វីបបែបនេះ គឺមិនមានគោលការណ៍កំណត់ឡើងដូចគ្នានឹងការទទួលបានមេដាយមាសពីព្រឹត្តិការណ៍Game នោះទេ។ លោកមានប្រសាសន៍ថា «ជាបឋមយើងអត់មានពិធីដង្ហែទេ គឺមានតែការទទួលគាត់ហើយមកធ្វើពិធីសំណេះសំណាលដោយមានរដ្ឋមន្ត្រី២រូបចូលរួមតែប៉ុណ្ណឹង ចំណែកប្រាក់រង្វាន់វិញ ក្រៅពីជា Game អញ្ចឹងក៏មានអនុក្រិតចែងថាឲ្យប៉ុន្មានៗអីដែរ ប៉ុន្តែថ្នាក់ដឹកនាំនឹងធ្វើការពិភាក្សា គឺនឹងមានការលើកទឹកចិត្តចំពោះគាត់ ដោយគ្រាន់តែខ្ញុំយល់ថាអាចមិនបានច្រើនដូចមុនតែប៉ុណ្ណឹងឯង!»។
លោកវ៉ាត់ ចំរើនបញ្ជាក់ថា កាលពីសន សៀវម៉ី ឈ្នះបានមេដាយមាសកាលពីឆ្នាំ២០១៤ ក្នុងព្រឹត្តិការណ៍ Asia Game ឬកីឡាអាស៊ី នាងទទួលបានទឹកប្រាក់លើកទឹកចិត្តប្រមាណជិត៤ម៉ឺនដុល្លារពីប្រមុខរដ្ឋាភិបាល ដោយសារតែក្នុងចំណោមនោះ គឺមានប្រាក់រង្វាន់ដែលចែងដោយអនុក្រិតចំនួន៨០លានរៀលដោយស្វ័យប្រវត្តិ។ ប៉ុន្តែសម្រាប់មេដាយមាសពីការប្រកួតជម្រុះទៅអូឡាំពិកក្នុងទ្វីបអាស៊ី គឺនាងនឹងអាចទទួលត្រឹមប្រាក់លើកទឹកចិត្តប៉ុណ្ណោះ ដោយលោកមិនទាន់ច្បាស់ឡើយថានឹងបានប៉ុន្មាន។ យ៉ាងណាមិញ លោកថាអ្វីដែលគណកម្មការ និងប្រតិភូនឹងផ្ដល់ឲ្យនាងក្រោយពីមកដល់ប្រទេសកម្ពុជានៅថ្ងៃស្អែកវេលាម៉ោង១ និង៥នាទីនោះ គឺកិត្តិយស និងមុខមាត់៕
មតិយោបល់