ឧត្ដរមានជ័យៈ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ដោយរួមសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សាររង្វង់មូល អន្លង់វែង ដែលស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដោយធ្វើការត្រួតពិនិត្យទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគវេចខ្ចប់ស្រាប់ ដើម្បីស្វែងរកទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ។
ជាលទ្ធផលរកពុំឃើញមានទំនិញមានផ្ទុកសារធាតុគីមីទេ និងបានរកឃើញទំនិញខូចគុណភាពហួសថ្ងៃកំណត់ប្រើប្រាស់ចំនួនជាច្រើនមុខ សរុបចំនួន ៥៥ គីឡូក្រាមរួមមាន៖
– មីកំប៉ុង ចំនួន ៦កំប៉ុង
– ទឹកក្រូចដប ១លីត្រកន្លះ ចំនួន ១២ដប
– ភេសជ្ជៈប៉ូវកម្លាំង ចំនួន ១៤៤ដប
– ទឹកតែបៃតង ចំនួន ២៤ដប
– ទឹកដោះគោបឺត ចំនួន ៤ប្រអប់
– កាហ្វេកញ្ចប់ ចំនួន ៥កញ្ចប់
សរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញដកហូតបានចំនួន ៥៥ គីឡូក្រាម។
បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្ហូបអាហារ ដែលហួសថ្ងៃកំណត់ប្រើប្រាស់បន្តទៀត និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។
ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យយល់
ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ៕
មតិយោបល់