ព័ត៌មានជាតិ

Update៖ ព្រលឹងចុងសក់! រថយន្តហ៊ីយ៉ាន់ដាយ រេចង្កូតបុកដើមចាន់គិរី តៃកុងគាបជាប់ក្នុងកាប៊ីន របួសធ្ងន់ស្រាល ២នាក់

ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋដាច់ដៃខ្មោច រេចង្កូតបុកដើមចាន់គិរី តៃកុងគាបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ ចំណែករថយន្តខូចខាតយ៉ាងដំណំ ខណព្រូរបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋ ក្បាលពណ៌ចៀវ ខ្លួនពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-4737 បើកបរដោយឈ្មោះ ង៉ ឃីម ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតព្រៃវែង រងធ្ងន់បាក់ជើងស្តាំ និងរួមដំណើរដោយព្រូម្នាក់ របួសស្រាល។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយខាងលើ បានធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ រថយន្តដាច់ដៃខ្មោចខាងឆ្វេង និងដាច់ហ្វ្រាង ក៏រេចង្កូតមកស្តាំដៃឡើងសួនចិញ្ចើមផ្លូវ ទៅបុកផ្ទប់ដើមចាន់គិរី បណ្តាលឲ្យរថយន្តខូចខាតកំណាត់មុខ គាបតៃកុងជាប់ក្នុងកាប៊ីនរបួសធ្ងន់ បាក់ជើង និងព្រូរថយន្តរងរបួសស្រាល។

ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថ ដែលប្រចាំការនៅវិមានឈ្នះឈ្នះ បានជួយគាស់ទាញជនរងគ្រោះ ចេញពីកាប៊ីនរថយន្ត ដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។
ចំណែករថយន្ត ត្រូវបានជំនាញវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី៕

មតិយោបល់