ព័ត៌មានជាតិ

ក្មេងប្រុសដែលត្រូវជនបង្កចាក់សាំងដុតរលាកពេញខ្លួន ដង្ហើយរកជំនួញពីសប្បុរសជន

ភ្នំពេញៈ ក្មេងប្រុសវ័យ១១ឆ្នាំម្នាក់រលាកពេញខ្លួនប្រាណ ដង្ហើយហៅរកជំនួយពីសប្បុរជនជួយសង្គ្រោះ បន្ទាប់ពីត្រូវគេចាក់សាំងដុតមិនដឹងមូលហេតុគ្រាន់តែនិយាយថា អញមកចាក់សាំងដុត បណ្តាលឲ្យរងការរលាកយ៉ាងធ្ងន់ កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទី៤ ស្ថិតក្នុងសង្កាត់ស្រះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្មេងរងគ្រោះមានឈ្មោះ ហ៊ូ ប៊ុន្នី ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៥ នៃសាលាវត្តអង្គុញ ស្នាក់នៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ បានរងការរលាកយ៉ាងធ្ងន់ក្រោយពីជនបង្កចាក់សាំងចាប់ដៃទាំង២ដុតឆេះយ៉ាងសន្ធោរសន្ធៅប្រកាច់ធ្លាក់ពីលើគ្រែទៅដី ដោយមានម្តាយ អ៊ុំ មីង ពូ យកទឹកមកជះពន្លត់ដឹកបញ្ជូនមកមន្ទីរពេទ្យធ្វើការសង្គ្រោះនៅភ្នំពេញ ក្មេងប្រុសរងគ្រោះបានប្រាប់ទៅឪពុកមាម្នាក់ថា «បើខ្ញុំស្លាប់ទៅសូមឲ្យពុកម៉ែប្តឹងចាប់អ៊ុំរ៉ាដាក់គុក» នេះជាសម្តីរបស់លោក ឡាយ ហៀងសេង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូឌុប ត្រូវជាពូរបស់ក្មេងរងគ្រោះបង្កើតពេលដែលមកដល់មន្ទីរពេទ្យបានប្រាប់ឲ្យដឹងដំណើររឿងហេតុ។

ម្តាយក្មេងរងគ្រោះមានឈ្មោះ ញ៉ន ពឿន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ដែលមានប្តីជាឪពុកជនរងគ្រោះមានឈ្មោះ ហ៊ូ ធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ដែលមានសមាជិក៦នាក់ ក្នុងនោះមានកូន៤នាក់ ស្រីបងគេបង់អស់ និងមានមុខរបរលក់ដូរបន្តិចបន្តួចសម្រាប់ដោះស្រាយជីវភាព បន្ទាប់ពីធ្វើស្រែនិងការងារសំណង់ បានរៀបរាប់ទាំងក្តុកក្តួលអួលដើមក និងសម្រក់ទឹកភ្នែកបណ្តើរៗបានឲ្យដឹងថា នៅម៉ោង១ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ គាត់ជាម្តាយក្មេងរងគ្រោះបានត្រឡប់ពីស្រែមកដល់ផ្ទះបានរៀបចំបាយទឹករួចក៏សម្រាប់នៅខាងក្រោមផ្ទះ បានឃើញជនបង្កដែលមានឈ្មោះ មិល រ៉ា ហៅ រ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ដែលមានសមាជិកទាំងអស់៧នាក់ កូន៤នាក់ ស្រី២នាក់ ប្រុស២នាក់ អ្នកស្នាក់នៅជាមួយម្នាក់ទៀត គឺតាយុ៧០ជាង ហើយមានផ្ទះនៅខាងកើតផ្ទះក្មេងរងគ្រោះចម្ងាយប្រហែល៥០ម៉ែត្រ ដើរមករោងខាងមុខផ្ទះហើយនិយាយជាមួយកូនប្រុសរងគ្រោះ ហ៊ូ ប៊ុន្នី ថា អញចាក់សាំងដុតហ្អែងឥឡូវ ដោយជនបង្កឈ្មោះ រ៉ា ធ្លាប់ដុតជញ្ជាំងផ្ទះខ្លួនម្តងហើយ។ ក្មេងរងគ្រោះ ប៊ុន្នី បានឆ្លើយថា ហេតុអ្វីចង់ចាក់សាំងដុតខ្ញុំ អ៊ុំឯងហ៊ាន? ស្រាប់តែជនបង្កឈ្មោះ រ៉ា ក៏យកសាំងដែលម្តាយក្មេងរងគ្រោះលក់ចាក់មកលើក្មេងរងគ្រោះ ប៊ុន្នី ហើយចាប់ដៃទាំងសងជាប់ទាំង២និងយកដែកកេះ បញ្ឆេះដុតទៅលើក្មេងដែលមានសាំងឆាបឆេះនៅលើគ្រែតែម្តង រួចក្មេងរងគ្រោះប្រកាច់ធ្លាក់ពីលើគ្រែមកលើដី ដែលភ្លើងកំពុងតែឆេះ ដោយឃើញហេតុការណ៍ដូច្នេះម្តាយក៏ស្រែកឲ្យអ្នកផងជួយទាំងយាយ អ៊ុំ ពូ មីង យកទឹកមកជះស្រោចពន្លត់ បានបង្កឲ្យអណ្តាតភ្លើងឆេះកាន់តែខ្លាំង ទើបមានពូយកបាវនិងក្រណាត់ជ្រលុកទឹកមកគ្របពីលើបានរលត់ ហើយក៏បញ្ជូនក្មេងរងគ្រោះតាមរថយន្តឈ្នួលមកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទី៤ រាជធានីភ្នំពេញនៅម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានប្រើប្រាស់ឈាមអស់ចំនួន ៨កំផ្លោកហើយ ដោយស្ថានភាពជំងឺរលាកធ្ងន់ធរ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រូវប្រើប្រាស់ឈាមចំនួន ៨កំផ្លោកទៀត មកដល់ម៉ោង២ថ្ងៃត្រង់ ខាងក្រុមគ្រួសារទើបរកបានតែ២កំផ្លោកទេ។

លោក ជិន សារឿន នរគបាលស្រុកទ្រាំងបានប្រាប់តាមទូរស័ព្ទថា រឿងនេះពិតជាមានកើតឡើងមែន ដោយជនបង្កបានរត់គេចខ្លួនមិនដឹងទៅទីណាឡើយ ហើយសមត្ថកិច្ចខិតខំស្វែងរកចាប់ខ្លួនជនបង្កមកចាត់ការតាមនីតិវិធី។

ម្តាយក្មេងរងគ្រោះបានអំពាវនាវសំណូមពរដល់សប្បុរសជនជួយដល់កូនប្រុសគាត់ផង ដោយសេចក្តីស្រឡាញ់របស់ម្តាយឪពុកសុខចិត្តលះបង់ទ្រព្យសម្បត្តិកម្លាំងកាយចិត្តខិតខំបីបាច់ថែរក្សារកស៊ី ដើម្បីកូនៗបានល្អ តែនៅពេលនេះកូនត្រូវជនបង្កដុតស្ទើរក្ស័យ ម្តាយលើកដៃសំពះសុំការអភ័យពីអស់លោកសប្បុរសជួយជាឈាមក៏បាន ដើម្បីបន្តជិវិតកូនមាសម្តាយតទៅមុខទៀត។

សប្បុរសជនអាចទំនាក់ទំនងលោក ឡាយ ហៀងសេង ត្រូវជាឪពុកមារបស់ក្មេងរងគ្រោះ ហ៊ូ ប៊ុន្នី លេខទូរស័ព្ទ 096 412 4566 ៕

photo_2016-07-29_14-00-26photo_2016-07-29_14-00-28photo_2016-07-29_14-00-29photo_2016-07-29_14-00-31photo_2016-07-29_14-00-33photo_2016-07-29_14-00-35photo_2016-07-29_14-00-37photo_2016-07-29_14-00-38photo_2016-07-29_14-00-40photo_2016-07-29_14-00-42photo_2016-07-29_14-00-44

មតិយោបល់