ព័ត៌មានជាតិ

ចប់! ជនល្មើស៦នាក់ ប្លន់ម៉ូតូ ក្បែរប៉ុស្តិ៍ព្រៃវែង ពេលរត់ទៅដាក់ពាក្យបណ្តឹង អត់ឃើញប៉ូលិសទៀត

ភ្នំពេញ: ជនសង្ស័យមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពធាក់ម៉ូតូរួចនាំគ្នាវៃជនរងគ្រោះយ៉ាងទ្រោមខ្លួនប្លន់យកម៉ូតូមួយគ្រឿង ក្បែរប៉ុស្តិ៍នគរបាលព្រៃវែង ខណ្ឌដង្កោ រួចគេចខ្លួនដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ចនោះទេ ។
អ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺ ពេលជនរងគ្រោះទៅដាក់ពាក្យបណ្តឹង បែរជាមិនឃើញសមត្ថកិច្ចនៅប្រចាំការទៅវិញ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណ៥០ម៉ែត្រ ប៉ុណ្ណោះ ។
ជនរងគ្រោះ ឈ្មោះ ងុយ សុខដា អាយុ៣០ឆ្នាំ មុខរបរជាងក្រឡឹង រស់នៅភូមិក្រាំងស្បូវ ឃុំមហាសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកម៉ូតូ ដែលត្រូវជនសង្ស័យធាក់ប្លន់យកទៅ ម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IB-2805 ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ធ្វើដំណើរទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន៦នាក់ជិះម៉ូតូ ៣គ្រឿង មិនចាំស្លាកលេខ បានធ្វើសកម្មភាពធ្លាក់ម៉ូតូរបស់គាត់បណ្ដាលឲ្យដួលរួចនាំគ្នាដេញវាយគាត់បណ្ដាលឱ្យរងរបួសពេញខ្លួនយ៉ាងដំណំ ។
បន្ទាប់មកជនសង្ស័យ បានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនដោយសុវត្ថិភាព ។ ភ្លាមៗនោះ គាត់បានរត់ទៅចូលក្នុងប៉ុស្តិ៍នគរបាលព្រៃវែង ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ តែពេលទៅដល់មិនឃើញមានកម្លាំងសមត្ថកិច្ចប្រចាំការនោះទេ ទើបគាត់បានបន្តដំណើរទៅប្រាប់សមត្ថកិច្ចដែលប្រចាំការ២៤ម៉ោងនៅបណ្តោយផ្លូវជាតិលេខ៣ ។ បន្ទាប់មកទៀត សមត្ថកិច្ចឃើញគាត់រងរបួសពេញខ្លួន ក៏បានដឹកគាត់មកមន្ទីរពេទ្យឯកជនមួយកន្លែង ។
ក្រោយពីគ្រូពេទ្យលាងរបួសនិងរុំបង់រួចហើយ ជនរងគ្រោះត្រូវបានមិត្តភក្តិដឹកតាមម៉ូតូមួយគ្រឿងបន្តដំណើរទៅមុខបាត់ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ព្រោះគិតថាទោះប្តឹងក៏សមត្ថកិច្ចមិនដែលបង្ក្រាបបានដដែល សុខចិត្តទៅផ្ទះដេកយកកម្លាំងវិញ៕

 

មតិយោបល់