ព័ត៌មានជាតិ

រថយន្តបុករ៉ឺម៉កបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅស្រុកត្រាំកក់

តាកែវ: នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧និង១០នាទីយប់ ស្ថិតលើផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ក្នុងភូមិត្រពាំងរបង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងរ៉ឺម៉កម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

រថយន្តមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AO-2144(អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងកើតលុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយម៉ូតូរ៉ឺមកមួយគ្រឿងម៉ាក ហុងដាវ៉េវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឡាង រី ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងលិច។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

មតិយោបល់