បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយការរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ អុំ សូរិយា ភេទប្រុស អាយុ១៧ឆ្នាំ អ្នកបើកបរម៉ូតូ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងអ្នករួមដំណើរឈ្មោះ សា រុប ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក និងម្នាក់ទៀតឈ្មោះ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកនាយរងការិយាល័យ បានបញ្ជាក់ថា ៖ តាមការឲ្យដឹងពីនគរបាលមូលដ្ឋាន នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ម៉ាសដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE 6796 បើកបរក្នុងទិសដៅពីកើតទៅលិច ស្របពេលនោះមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1O 0838 បានបើកបរក្នុងទិសដៅពីលិចទៅកើតច្រាសទិសគ្នា ដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្តមួយគ្រឿងក្នុងស្ថានភាពគ្រោះថ្នាក់ ក៏ត្រូវរថយន្តម៉ាសដាបុកចំពីមុខ បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរខ្ទាតដេកស្លាប់រណេករណូលពេញផ្លូវ ម៉ូតូ និងរថយន្តខូចខាតផ្នែកខាងមុខធ្ងន់ ។ចំណែកអ្នកបើកបររថយន្តក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នវត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់