ភ្នំពេញ: បុរសម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង តែមិនបានសម្រេច គ្រាន់តែរងរបួសធ្ងន់ ព្រោះត្រូវបានប្រជាពលរដ្ឋជួយទាន់។
ហេតុការណ៍នេះ បានកើតទ្បើងបន្ទាប់ពីជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធ កាលពីវេលាម៉ោង ១១ និង ១៥ នាទីយប់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង បន្ទប់លេខ៥៥ ជាន់ទី ២ តាមបណ្ដោយផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះប្តីមានឈ្មោះ ប៉ាល់ ថៃ ភេទប្រុស អាយុជាង ២០ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិក្រាំងរំដេង ស្រុកឈូក ខេត្តកំពត និងប្រពន្ធឈ្មោះ អា នី មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា។
មូលហេតុ៖ ប្រចណ្ឌ សង្ស័យថា ប្រពន្ធមានប្រុសថ្មី។
តាមប្រភពព័ត៌មានពីបុរសម្នាក់ ដែលមើលការខុសត្រូវនៅផ្ទះជួលកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ ឃើញប្ដីប្រពន្ធ ២នាក់ បានឈ្លោះប្រកែកគ្នាបន្តិចបន្តួច បន្ទាប់មកបុរសជាប្ដីបានស្រែកទៅប្រពន្ធរបស់ខ្លួនថា « នាងឯងទៅតាមប្រុសថ្មីទៅ» រួចក៏បានទ្បើងទៅបន្ទប់វិញបាត់ ដោយមិនឮសូរអ្វីទ្បើយ។ ចំណែកប្រពន្ធ មិនបានចូលទៅបន្ទប់ជាមួយទេ បានទៅអង្គុយលេងនៅបន្ទប់មិត្តភក្ដិ នៅក្បែរនោះ។
មួយសន្ទុះក្រោយមក ប្រពន្ធបានដើរទៅបន្ទប់ខ្លួនវិញ បម្រុងបើកទ្វារចូល ស្រាប់តែទ្វារបន្ទប់ ត្រូវបានចាក់សោជាប់ ដោយមានការសង្ស័យ បានហៅមិត្តភក្ដិអ្នកនៅបន្ទប់ក្បែរគ្នា ឲ្យជួយគាស់ទ្វារបន្ទប់ ចូលទៅមើល ស្រាប់តែឃើញបុរសជាប្ដី យកខ្សែភ្លើងចង.កភ្ជាប់ជាមួយដែកបាត់ទៅហើយ បង្កការផ្អើលឆោឡោ នាំគ្នាចូលទៅកាត់ខ្សែភ្លើង ដើម្បីដាក់ជនរងគ្រោះ មកក្រោម រួចជួយសង្គ្រោះបឋម។
ដោយឃើញជនរងគ្រោះ នៅមានដង្ហើម បាននាំគ្នារាយការណ៍ ជូនទៅសមត្ថកិច្ចភ្លាមៗ។ បន្ទាប់មកសមត្ថកិច្ច ក៏បានចុះមកកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ រួចបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យភ្លាមៗ៕
មតិយោបល់