ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីធ្វើឲ្យខូចខាតដោយចេតនា និងដុតផ្ទះ

កណ្ដាលៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនា និង(ដុតផ្ទះ) ចំណុចផ្ទះជនរងគ្រោះ ភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ០២នាក់៖
១-ឈ្មោះ ម៉ន សាអុន ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ រស់នៅភូមិ-ឃុំកើតហេតុ ។
២-ឈ្មោះ អ៊ុន សឿង ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ ម៉ន ថុន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) មានទីលំនៅភូមិ-ឃុំកើតហេតុ ។

សម្ភារៈបាត់បង់៖ ស៊ីម៉ង់ត៍ចំនួន ១០ប៉ាវ ទូរឈើចំនួន០១ និងមុង ភួយ ខោអាវមួយចំនួនទៀត ។

វត្ថុតាងចាប់យកបាន ៖
-ដុំថ្មចំនួន២ដុំ ។

សភាពនៃរឿងហេតុ៖ កន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ក្នុងមូលដ្ឋានជាច្រើនឆ្នាំមកហើយ និងធ្លាប់បង្ករឿងអុកឡុកក្នុងគ្រួសារជាច្រើនលើកច្រើនសារ ដោយសព្វថៃ្ងស្នាក់នៅផ្ទះប្អូនស្រីបង្កើត (ជនរងគ្រោះ) ជាមួយកូនប្រុសរបស់ខ្លួន និងម្តាយបង្កើត ។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីជនសង្ស័យបានអង្គុយផឹកស្រាបៀរតែម្នាក់ឯងនៅក្រោមផ្ទះជនរងគ្រោះ។ ក្រោយពីផឹករួចក៏ដេកជាមួយកូនរហូតដល់ម៉ោង ១១និង៣០នាទី ជនសង្ស័យក៏បានយកដែកកេះហ្គាស ដុតក្រណាត់នៅក្បែរ មុង ភួយ បណ្តាលឲ្យ អណ្តាតភ្លើងឆេះរាលដាលមុងភួយយ៉ាងសន្ធោសន្ធៅ ហើយជនសង្ស័យក៏បានជិះម៉ូតូនាំកូនចេញមកផ្លូវ ក្នុងសភាពនោះឈ្មោះ ម៉ន មុំ ជាបងស្រីជនសង្ស័យបានស្រែកហៅឲ្យគេជួយពន្លត់ ប៉ុន្តែអ្នកជិតខាងមិនអាចជួយបាន បណ្តាលឲ្យឥវ៉ាន់នៅក្នុងផ្ទះនោះ ឆេះខ្ទេចខ្ទីអស់។ មកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទីជនសង្ស័យបានធ្វើសកម្មភាពយកដុំថ្មចំនួន ២ដុំវាយសោផ្ទះរបស់ម្តាយមីងឈ្មោះ អ៊ុន សឿង ដែលត្រូវជាប្អូនបង្កើតរបស់ម្តាយជនសង្ស័យ ដើម្បីឡើងដេក តែដោយវាយមិនរបើកសោជនសង្ស័យ បានបោះដុំថ្មចោលហើយយកដែលកេះហ្គាសដុត នឹងក្រណាត់បោះចូលទៅចង្រ្កានបាយខាងក្រោយ ក្រោមផ្ទះឈ្មោះ អ៊ុន សឿង បណ្តាលឲ្យអណ្តាតភ្លើងឆេះឡើង ភ្លាមនោះក៏បានអ្នកជិតខាងជួយពន្លត់ទាន់ពេលវេលា រីឯជនសង្ស័យគេចខ្លួន។ លុះមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទី ជនរងគ្រោះទាំងពីរនាក់ខាងលើ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីជ្រោយក្រោយ ពីប៉ុស្តិ៍បានទទួលពាក្យបណ្តឹងរួចមកនៅវេលាម៉ោង ២និង៣០នាទីជំនាញនិងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុស្វែករកចាប់ខ្លួនជនសង្ស័យឈ្មោះ ម៉ន ថុន ដើម្បីយកមកសាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដុតផ្ទះជនរងគ្រោះ ពិតប្រាកដមែន។ ករណីនេះ មន្ត្រីជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់