ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសង្ស័យម្នាក់ ករណីចោរកម្មលួចទ្រព្យសម្បត្តិ និងគ្រឿងអលង្ការជាង ៤ម៉ឺនដុល្លារ នៅផ្ទះការ៉ាស់សាំង ក្រុងស្វាយរៀង

ស្វាយរៀងៈ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទីព្រឹក សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានទទួលព័ត៌មានតាមរយៈទូរស័ព្ទថា នៅក្នុងផ្ទះ(ការ៉ាស់សាំង)របស់ឈ្មោះ ទុំ សារឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ការ៉ាស់សាំង មានទីលំនៅភូមិកៀនសាំង សង្កាត់/ក្រុង/ខេត្តស្វាយរៀង មានករណីចោរ ចូលលួចយកលុយ គ្រឿងអលង្ការ និងសម្ភារៈមួយចំនួនទៀត ដែលមានរៀបរាប់ដូចខាងក្រោម៖
-ចិញ្ចៀន ២វង់ផ្លាកទីនមួយវង់មាស1វង់ មានតម្លៃ ៥០០ដុល្លារ
-ចិញ្ចៀនមាស ១វង់ទម្ងន់ ៥ជី
-កងដៃផ្លាកទីនមួយខ្សៃតម្លៃជាង ២,០០០ដុល្លារ
-ក្រវិលមាសមួយគូ ទម្ងន់ ២.៥០ជី
-ប្រាក់ដុល្លារ ចំនួន ១៣,០០០$
-ប្រាក់រៀលចំនួន ៩១លានរៀល
-ទូរសព្ទដៃមួយគ្រឿងម៉ាក iphone X-11pro ពណ៌ខ្មៅ តម្លៃជាង ១,៥០០$
-ចង្កឹះសោរថយន្តចំនួនពីរគ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលក្រុងស្វាយរៀង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ប្រមែប្រមូលបាននូវភស្តុតាងសំខាន់ៗមួយចំនួន និងបានទំនាក់ទំនងទៅនាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីឆែកប្រព័ន្ធទូរស័ព្ទរបស់ជនរងគ្រោះដែលត្រូវបានចោរលួចយកទៅនោះ ឃើញថា មុខសញ្ញាបានរត់គេចខ្លួនទៅដល់រាជធានីភ្នំពេញ។
ក្រោមការដឹកនាំចង្អុលបង្ហាញ និងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបន្តចុះស្រាវជ្រាវស៊ើបអង្កេត ដោយមានកិច្ចសហប្រតិបត្តិការជាមួយ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ។

រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យដែលពាក់ព័ន្ធករណីចោរកម្ម (លួចលុយនិងគ្រឿងអលង្ការក្នុងផ្ទះរបស់ឈ្មោះ ទុំ សារឿន) គឺឈ្មោះ ផាន ឌីណា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ហើយក៏ជាមុខសញ្ញាដែលមានការជាប់ពាក់ព័ន្ធ នឹងករណីលួចរថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស នៅតំបន់ព្រែកលៀប (ក្នុងខេត្តកណ្តាល ) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ កន្លងមកផងដែរ។

នៅចំពោះមុខសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចូលទៅលួចយកគ្រឿងអលង្ការជាច្រើនដូចជា ខ្សែក, កងដៃ, ក្រវិល,ចិញ្ចៀន, ទូរសព្ទ័ម៉ាកIPHONE X 11PRO និងលុយកាក់ (ទាំងលុយខ្មែរនិងលុយដុល្លារ) សរុបជាទឹកប្រាក់ជាង ៤ម៉ឺនដុល្លារ នៅក្នុងផ្ទះការ៉ាស់សាំងរបស់ឈ្មោះ ទុំ សារឿន ស្ថិតក្នុងភូមិកៀនសាំង សង្កាត់/ក្រុង/ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០២រំលងអាធ្រាត្រប្រាកដមែន តែបន្ទាប់ពីលួចលុយ និងគ្រឿងអលង្ការទាំងនោះបានហើយ ខ្លួនក៏យកទៅប្តូរនៅផ្ទះលីហួរយកលុយដុល្លារ រួចចូលទៅលេងល្បែងនៅក្នុងកាស៊ីណូណាហ្គា(NAGA WORLD CASINO)រហូតដល់ចាញ់អស់ប្រាក់ជាង ០៣ម៉ឺនដុល្លារ និងយកលុយខ្លះទៀតទៅទិញខ្សែកប្លាកទីន ព្រមទាំងសម្ភារៈប្រើប្រាស់ទាន់សម័យជាច្រើនទៀត ហើយនៅសល់ប្រាក់ចំនួន ៥,០០០$ លុយខ្មែរ ១៨ម៉ឺនរៀល ចិញ្ជៀនមាស ១វង់ និងក្រវិលមាស ១គូតែប៉ុណ្ណោះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ប្រាក់ដែលនៅសល់ចំនួន ៥,០០០$ លុយខ្មែរ ១៨ម៉ឺនរៀល និងគ្រឿងអលង្ការមួយចំនួនខាងលើ ដែលដកហូតបានពីជនសង្ស័យ ប្រគល់ទៅឲ្យជនរងគ្រោះវិញហើយ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។

ចំណែកឯសំណុំរឿងករណីចោរកម្មនៅខេត្តស្វាយរៀងវិញ សមត្ថកិច្ចកសាងជាសំណុំរឿងស៊ើបអង្កេត បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចេញដីកាចាប់ខ្លួន និងឃុំខ្លួន ដើម្បីអនុវត្តទោសនៅពេលក្រោយ៕

មតិយោបល់