ព័ត៌មានជាតិ

ស្គាល់អត្តសញ្ញាណនារីរងគ្រោះ ត្រូវរថយន្តបុកស្លាប់ នៅខណ្ឌដង្កោហើយ ជាបុគ្គលិកខារ៉ាអូខេចេ (J)

ភ្នំពេញ: កាលពីវេលាម៉ោង ០៤ និង១០នាទីជិតភ្លឺ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នារីម្នាក់ ធ្លាក់ពីលើម៉ូតូ ត្រូវបុកស្លាប់ លើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុគេឃើញម៉ូតូ ១គ្រឿង ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ម៉ូតូបានធ្លាក់ចូលជង្ហុក បណ្ដាលឲ្យនារីជាអ្នករួមដំណើរខាងក្រោយ ធ្លាក់ពីលើម៉ូតូ ហើយក៏ត្រូវរថយន្ត បើកពីត្បូងទៅជើង មកដល់បុកកិនស្លាប់មួយរំពេចតែម្តង។

ដោយទ្បែកអ្នកបើកម៉ូតូ រួមទាំងម៉ូតូ មិនត្រូវបានស្គាល់ម៉ាក និងស្លាកលេខទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។ សពនារីរងគ្រោះ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ សមត្ថកិច្ច បានយកទៅតម្កល់នៅវត្តទឹកថ្លា។

សូមបញ្ជាក់៖ តាំងពីព្រឹក រហូតដល់រសៀល សពជនរងគ្រោះ សមត្ថកិច្ច នៅមិនអាចកំណត់អត្តសញ្ញាណ និងរកសាច់ញាតិឃើញនោះទេ តែបន្ទាប់ពីសារព័ត៌មាន Post News ចុះទៅធ្វើការផ្សាយផ្ទាល់ នៅវត្តទឹកថ្លា មួយសន្ទុះក្រោយមក ស្រាប់តែលេចមុខ បុរសម្នាក់ អះអាងថា ជាសង្សារជនរងគ្រោះ ហើយក៏បានទាក់ទងបន្ត ទៅសាច់ញាតិជនរងគ្រោះតែម្ដង។

ប្រភពពីបុរសជាសង្សារ បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ស្រី កា អាយុ ១៨ ឆ្នាំ មានមុខរបរ បុគ្គលិកនៅខារ៉ាអូខេចេ (J) ទើបមកបម្រើការងារបាន៦ខែ ជួលបន្ទប់នៅម្ដុំវត្តដំបូកខ្ពស់ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង អ្នកទាំងពីរ ធ្លាប់បានសន្យាគ្នាថា នឹងរៀបការជាមួយគ្នា នៅឆ្នាំក្រោយ។

សពត្រូវបានក្រុមគ្រួសារ ដឹកទៅស្រុកកំណើត ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់