ព័ត៌មានជាតិ

មានចឹងដែរ! ជិះម៉ូតូឌុបហើយគ្មានលុយឲ្យ ខ្ចីម៉ូតូទៅយកលុយនៅផ្ទះអ៊ុំ បែរជាដោះគ្រឿងលក់

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីបុរសម្នាក់រំលោភលើសេចក្ដីទុកចិត្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ជនសង្ស័យឈ្មោះ គន់ សៀងហៃ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ផាត់ វ៉ាន្នី ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល។

ដំណើររឿង៖ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យបានជួបជនរងគ្រោះនៅវត្ដនាគវ័ន្ដ ហើយជនសង្ស័យបានឲ្យជនរងគ្រោះឌុបមកផ្ទះ នៅភូមិសេដា ឃុំវិហារសួគ៌ ក្នុងតំលៃ៣០,០០០រៀល ពេលឌុបមកដល់ផ្ទះជនសង្ស័យ គ្មានលុយឲ្យ ក៏និយាយថា៖ ខ្ចីម៉ូតូមួយភ្លែតទៅយកលុយអ៊ុំ ភ្លាមនោះជនរងគ្រោះឲ្យម៉ូតូទៅជនសង្ស័យជិះ ពេលបានម៉ូតូជនសង្ស័យជិះគេចទៅបាត់រហូតពុំឲ្យជនរងគ្រោះវិញទេ ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកលួងដើម្បីជួយស្រាវជ្រាវ ។ លុះមកដល់ថ្ងៃទី៦ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកលួង បានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកអំពិល ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធី ។

ក្រោយឃាត់ខ្លួន ជនសង្ស័យសារភាពថា ខ្លួនពិតជាខ្ចីម៉ូតូពីជនរងគ្រោះនោះប្រាកដមែន ដោយខ្លួនយកម៉ូតូនោះ ទៅដោះគ្រឿងលក់ឲ្យឈ្មោះ មិ បូរ៉ា ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំ ព្រែកអំពិល ស្រុកខ្សាច់កណ្តាល ៕

មតិយោបល់