កណ្ដាលៈ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនករណីហិង្សាដោយចេតនា ទះកំភ្លៀងទៅលើគេ២កំភ្លៀង និងអុក១ជង្គង់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ព្រោះតែខឹងគេមិនឲ្យលុយថ្លៃស្រាបៀរ ។ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី ស្ថិតក្នុងភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ ចន ឌីម៉ង់ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉ក មានទីលំនៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ឃិន សាវី ហៅដេត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីស្រូវ មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ដំណើររឿង៖ កាលពីថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកផឹកស្រាបៀរនៅផ្ទះជនសង្ស័យ ដោយម្ដាយជនសង្ស័យជាអ្នកលក់ស្រាបៀរ និងប្រពន្ធជនសង្ស័យជាអ្នកលក់បុកល្ហុង ហើយជនរងគ្រោះបានហៅស្រាបៀរ៦កំប៉ុងផឹកតែម្នាក់ឯង លុះផឹកអស់ចំនួន២កំប៉ុង សល់៤កំប៉ុងទៀត ជនរងគ្រោះយកមកផឹកជាមួយជនសង្ស័យបន្ដ ខណៈផឹកអស់ជនរងគ្រោះពុំឲ្យលុយថ្លៃស្រាបៀរទេ គឺជិះម៉ូតូបម្រុងទៅផ្ទះ ភ្លាមនោះជនសង្ស័យបាននិយាយថាៈ អាអូនឲ្យលុយថ្លៃស្រាទៅយាយផង(ម្ដាយជនសង្ស័យ) ពេលនោះដែរ ជនរងគ្រោះ បានចុះពីលើម៉ូតូនិយាយថា៖ មិនចាំបាច់ភ័យទេ! រួចហើយក៏ឡើងជិះម៉ូតូរបស់ខ្លួនចេញទៅម្តងទៀត ភ្លាមនោះជនសង្ស័យបានចាប់ទាញជនរងគ្រោះ រួចទះ២កំភ្លៀង ហើយចាប់ជនរងគ្រោះអុកចំនួន១ជង្គង់ បណ្ដាលឲ្យចំថ្ងាសរងរបួសយ៉ាងដំណំ ។
ក្រោយមកក្រុមគ្រួសារបានដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ។ លុះព្រឹកឡើងថ្ងៃទី៦ ខែឆ្នាំដដែល ក្រុមគ្រួសារជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ធំ ដើម្បីចាត់ការតាមច្បាប់ ។
ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់