ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក បើកឡានបុកទាំងកំរោលលើកម្លាំងនគរបាលភ័យព្រលឹងចុងសក់

ភ្នំពេញ: កម្លាំងនគរបាល​ជាច្រើននាក់បាននាំគ្នារត់បាតជើងសព្រាត ​ខណ:​​រថយន្តមួយគ្រឿង បើកបរដោយជនជាតិកូរ៉េម្នាក់ស្រវឹងធ្លាក់ភ្នែក បើកមកបុកទាំងកម្រោល ទៅលើកម្លាំងនគរបាលដែលកំពុងតែដាក់គោលដៅ ត្រួតពិនិត្យអាវុធ និងជាតិអាកុ​ល កាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ៥៩៨ មុខបណ្ណាល័យសម្តេចហ៊ុន សែន (សកលវិទ្យាល័យភូមិន្ទភ្នំពេញ) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

នគរបាល​ផ្នែកចរាចរណ៍ខណ្ឌទួលគោកបានឲ្យ​ដឹងថា នៅមុនពេលកើតហេតុ​នគរបាល​ខណ្ឌទួលគោកបានដាក់គោលដៅត្រួតពិនិត្យអាវុធ និងជាតិអាកុលតាមបណ្តោយផ្លូវ៥៩៨ មុខបណ្ណាល័យសម្តេច ហ៊ុន សែន (សកលវិទ្យាល័យភូមិន្ទភ្នំពេញ) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ លុះមកដល់ម៉ោងកើតហេតុ ពោលគឺខណ:​ប៉ូលិសកំពុងតែបំពេញការងារក៏ស្រាប់តែមានរថយន្តម៉ាកលុចស៊ីស ពណ៌ទឹកប្រាក់ ពាក់ភ្នំពេញ2AE-9419 មួយគ្រឿង បើកបរដោយជនជាតិកូរ៉េម្នាក់ស្រវឹងធ្លាក់ភ្នែកបើកមកបុកនគរបាល​ដែលកំពុងតែដាក់គោលដៅ ត្រួតពិនិត្យអាវុធ និងជាតិអាកុលនេះ ទាំងកម្រោល ឃើញដូច្នេះធ្វើឲ្យកម្លាំងនគរបាល​នាំគ្នារត់ចែកផ្លូវគ្នា បើមិនដូច្នេះទេរថយន្តមួយគ្រឿងនេះនឹងបុកស្លាប់មិនខានឡើយ។

ក្រោយពេលបុករះទាំងកម្រោលហើយនោះ រថយន្តបង្កមិនបានឈប់ទេ ពោលគឺបានបើករត់គេចរហូតដល់ផ្លូវចូលសាលាសង្កាត់ទឹកថ្លា ស្ថិតក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបប៉ូលិសស្ទាក់ចាប់បាន ប្រគល់ឲ្យប៉ូលិសការិយាល័យចរាចរជើងគោករាជធានីភ្នំពេញចាត់ការបន្ត។

មន្ត្រីនគរបាល​បានបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍នេះ មិនបានបង្កឲ្យគ្រោះថ្នាក់ដល់មន្ត្រីនគរបាណាម្នាក់​ឡើយ ពោលគឺគ្រាន់តែខូចខាត រនាំងដែក ភ្លើងសញ្ញា និងឧបករណ៍សម្រាប់ដាក់គោលដៅត្រួតពិនិត្យនេះមួយចំនួនប៉ុណ្ណោះ ហើយជនបង្កត្រូវបានកម្លាំងនគរបាល​ធ្វើការឃាត់ខ្លួនផងដែរ៕

photo_2016-07-30_11-35-06

photo_2016-07-30_11-35-07 (2)

photo_2016-07-30_11-35-07

photo_2016-07-30_11-35-08

មតិយោបល់