ភ្នំពេញៈ កាលពីថ្ងៃទី០៧ និងទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំង នគរបាលខណ្ឌប្ញស្សីកែវ រយៈពេលពីរថ្ងៃ បន្តចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យលក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនប្រុសស្រី ៣៥នាក់ នៅចំណុចភូមិសាស្រ្តសង្កាត់ទួលសង្កែ១ និងសង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនពីសំណាក់កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ គ្រាដែលគេមើលឃើញថា បញ្ហាគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញមានការថយចុះ ក្រោមការអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការ រងនគរបាលជាតិនិងជាស្នងការ នគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែលបានដាក់ចេញនូវផែនការបង្ការទប់ស្កាត់ បទល្មើសគ្រឿងញៀនឲ្យបានម៉ឺងម៉ាត់។
លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើ មានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត ដែលបានសម្រេចឲ្យនាំខ្លួនជនសង្ស័យ ទាំង៣៥នាក់(ស្រី០២នាក់) រួមទាំងវត្ថុតាង យកមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើការសាកសួរ។
វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៥២កញ្ចប់ថង់ (ក្នុងនោះថង់តូចចំនួន៤៦កញ្ចប់ និងថង់ធំល្មមចំនួន ០៦កញ្ចប់) -ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿង ញៀនចំនួនពីរ
-ម៉ូតូចំនួន១២គ្រឿង
-ទូរស័ព្ទដៃចំនួន០១គ្រឿង។
លោកឧត្តមសេនីយ៍ស្នងការរងបានប្រាប់ឲ្យដឹងទៀតថា ក្នុងចំណោមជនសង្ស័យ៣៥នាក់ មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់។
បច្ចុប្បជនសង្ស័យទាំងនោះរួមនិងវត្ថុតាងគ្រឿងញៀនកំពុង កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់