បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តយីឌុបធុនធំបុកម៉ូតូ MSX លាន់ដូចរន្ទះ បណ្តាលឲ្យអ្នកបើកម៉ូតូបាក់ភ្លៅរងរបួសធ្ងន់កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៦ នៅតាមដងផ្លូវជាតិលេខ៥ត្រង់ចំណុច ភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តធុនធំ១គ្រឿងម៉ាកហ្វុយស៊ូ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3A-2083 អ្នកបើកមិនស្គាល់អត្តសញ្ញាណបើកពីត្បូងទៅជើង ស្របពេលនោះមានម៉ូតូម៉ាកហុងដា MSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1W-6898 បើកដោយឈ្មោះ លាង សារិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអិ នតាសិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ឌុបឈ្មោះ គង់ ស្រស់ ភេទប្រុស អាយុ៥៩ឆ្មាំ រស់នៅភូមិឃុំជាមួយគ្នាបើកច្រាសទិសគ្នា លុះបើកមកដល់ចំណុចកើតហេតុ ដោយល្បឿនលឿនពេកក៏រេចង្កូតចូលឡានតែម្តង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសបាក់ភ្លៅឆ្វេង រីឯអ្នកជិះពីក្រោយរងរបួសស្រាល។
ក្រោយពីកើតហេតុអ្នកបើករថយន្ត ចុះគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនៅទីនោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកម្ពុជា-ជប៉ុនស្រុកមង្គលបូរី។
ដោយឡែករថយន្ត និងម៉ូតូត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីដោះស្រាយនៅពេលក្រោយ៕
មតិយោបល់