ព័ត៌មានជាតិ

សរសៃមីសួ មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក (Borax) ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញនៅស្តង់លក់ម្ហូបអាហារ ក្នុងកម្មវិធីតាំងពិព័រណ៍ ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ: យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យនៅតាមបណ្តាស្តង់លក់ម្ហូបអាហារ ក្នុងកម្មវិធីតាំងពិព័រណ៍ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ១០ គំរូ រួមមាន៖ រួមមាន បន្លែ បង្គា ប្រហិត ហតដក សរសៃមីសួ សរសៃមី និងសសៃគុយទាវ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីនៅក្នុងគំរូសរសៃមីសួ មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក (Borax) ។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

 

មតិយោបល់