ព័ត៌មានជាតិ

យុវជនវ័យ ១៩ឆ្នាំម្នាក់ ជិះម៉ូតូលឿនបុកខឿនផ្លូវ បណ្ដាលឲ្យបាក់.កស្លាប់មួយរំពេច

ភ្នំពេញ: កាលពីវេលាម៉ោង ២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ១គ្រឿង ជិះបុកខឿនផ្លូវ បណ្ដាលឲ្យដួលអូសជាង២០ម៉ែត្រ បាក់.កស្លាប់យុវជនម្នាក់។

ជនរងគ្រោះឈ្មោះ ងន សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៨២ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកស្គុបពី (Scoopy) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HT-4383។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូខាងលើ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកនឹងខឿនពុះចែកផ្លូវ បណ្ដាលឲ្យដួលម៉ូតូអូសជាង២០ម៉ែត្រ ខណៈអ្នកបើកបែកក្បាល និងបាក់.កស្លាប់មួយរំពេច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌច្បារអំពៅបណ្ដោះអាសន្ន។ ដោយឡែកសព បន្ទាប់ពីធ្វើកំណត់ហេតុរួច ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់