ព័ត៌មានជាតិ

យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូទៅបុកពេញទំហឹងជាមួយរថយន្តចតគ្មានភ្លើងបំភ្លឺ

កំពង់ធំ: កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨ និង ៣៥នាទី លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខប្លង់ដីឈ្មោះ ជា.សេងហ៊ួត ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ ម៉ូតូបុករថយន្ត ចតលើទ្រូងផ្លូវ ក្នុងទិសដីស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យស្លាប់០១នាក់។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីនដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6511 សណ្តោងស៊ឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-3222 ដឹកស៊ីម៉ង់ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បានឈប់នៅចំណុចខាងលើបន្ទាប់មកក៏មានម៉ូតូម៉ាក City C100 កូរេ ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្ដាល 1A-8644 បើកបរដោយឈ្មោះ គុយ តាំងវលិ៍ល ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរជាងធ្វើផ្ទះបុកពីក្រោយរថយន្តពេញទំហឹង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តកំពង់ធំ។

មូលហេតុ៖ អ្នកបើកបររថយន្តចតលើទ្រូងផ្លូវគ្មានដាក់សញ្ញា និងបំភ្លឺ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់