ភ្នំពេញ: កាលពីវេលាម៉ោង ១២ និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចមុខសាលាភូមិន្ទរដ្ឋបាល ផ្លូវ៦៣ កែងនិងផ្លូវ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ យុវជនម្នាក់ស្លាប់ និងយុវជនម្នាក់ទៀត រងរបួសធ្ងន់ ខណ:ជិះម៉ូតូប្រឹង រត់គេចពីរថយន្តមួយគ្រឿង ដេញបុកពីក្រោយ ។
រថយន្តបង្កម៉ាក អាល់ហ្វាត(ALPHARD) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 2BB-5573 អ្នកបើកបរឈ្មោះ យិន សាវឿន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត ស្នាក់នៅបន្ទប់ជួល ម្តុំចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិត្រពាំងស្លា ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ គីម ឡេង ភេទប្រុស អាយុ ២០ឆ្នាំ (ស្លាប់) មុខរបរជួយលក់គុយទាវ និងមី គីឡូ ជាមួយ ម្តាយ នៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ហៅផ្លូវ ច្រាំងបាក់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកអង្គុយពីក្រោយ។
ជនរងគ្រោះដែលរងរបួសធ្ងន់ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ជាអ្នកបើកម៉ូតូម៉ាក ហុងដា ប៊ិត ពណ៌ក្រហម លាយស ពាក់ស្លាកលេខភ្នំពេញ1HA-2009 ។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្ក ធ្វើដំណើរតាមបណ្ដោយផ្លូវ នរោត្តមកែង និងផ្លូវ៣២២ ស្រាប់តែលេចមុខជនរងគ្រោះខាងលើ មិនដឹងមានរឿងអ្វី គប់រថយន្តរបស់អ្នកបើករថយន្តបង្ក បណ្ដាលឲ្យជនបង្ក បើកដេញបុកពីផ្លូវនរោត្ដមរហូតមកដល់ផ្លូវ៦៣ ពីជើងមកត្បូងរហូតដល់ផ្លូវ៤៦៦ មុខសាលារៀនភូមិន្ទរដ្ឋបាល ក៏បុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ ចំណែកឪពុកម្ដាយជនរងគ្រោះ គ្រាន់តែឮដំណឹងនេះភ្លាម មកដល់កន្លែងកើតហេតុ ស្លុតចិត្តយំទាំង ២នាក់ប្ដីប្រពន្ធ។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យ សួរនាំ និងឃាត់ខ្លួនតៃកុងរថយន្តបង្ក រួចប្រគល់ជូនផ្នែកព្រហ្មទណ្ឌ ព្រោះករណីនេះ ជាបទល្មើសព្រហ្មទណ្ឌ (ដេញបុកសម្លាប់) រីឯសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់៖ តាមប្រភពព័ត៌មាន លួចបង្ហើបប្រាប់ Post News ថា ជនរងគ្រោះដែលស្លាប់នោះ មានសង្សារស្រទ្បាញ់គ្នា រយៈពេល៥ ឆ្នាំមកហើយ គ្រាន់តែខាងស្រីឮដំណឹងភ្លាម ខំជិះម៉ូតូមកដល់យំឱបសព រហូតសន្លប់បាត់ស្មារតីមួយសន្ទុះ ទើបដឹងខ្លួន ដោយនាងបានទួញសោក រៀបរាប់រំឮកអនុស្សាវរីយជាច្រើន មិនអាចបំភ្លេចបាន និងពោលពាក្យថា «ហេតុអ្វីទៅចោលគ្នា មិនលាមួយមាត់»៕
មតិយោបល់