ភ្នំពេញៈ មុខសញ្ញាគាស់បន្ទប់ខុនដូរ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ចំនួន២នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បើកប្រតិបត្តិការបង្ក្រាបបាន បន្ទាប់ពីធ្វើសកម្មភាពបានសម្រេច យកអស់ទ្រព្យសម្បត្តិមានតម្លៃរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ក្រោយទទួលបានតម្រុយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំប្រតិបត្តិការចុះបង្ក្រាប ដោយមានកិច្ចសហការពីនគរបាលខណ្ឌចំការមន, ឫស្សីកែវ និងច្បារអំពៅ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បាន២នាក់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
ជនសង្ស័យទី១៖ឈ្មោះ សៅ សុខុម ហៅអាព្យុះ អាយុ៣៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួន នៅចំណុចមុខរោងចក្របារីសេក ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី២៖ឈ្មោះ ឈុន ភារៈ ហៅអារក្ស អាយុ៣៤ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ នៅចំណុចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ក្រោយពីសួរចម្លើយ ជនសង្ស័យបានសារភាពថា ពិតជាបានលួចគ្រឿងពេជ្រ និងកុំព្យូទ័រ របស់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនបានលក់គ្រឿងពេជ្រ នៅហាងយីហោសុខគា ស្ថិតក្នុងខណ្ឌច្បារអំពៅ បានលុយ៨,០០០ដុល្លារ និងកុំព្យូទ័រយកទៅបញ្ចាំនៅហាងសេរីម្លិះ ស្ថិតលើផ្លូវរោងកុនលុច ហើយលុយទាំងអស់ បានយកទៅលេងល្បែងបាញ់ត្រីនៅហាងផ្លូវជាតិលេខ២ អស់២,០០០ដុល្លារ សល់ប៉ុន្មានលេងនៅហាងផ្លូវ៦៣អស់។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូត ខ្សែកពេជ្រ ០២ខ្សែ, ខ្សែដៃពេជ្រ ០២ខ្សែ, ក្រវិលពេជ្រ ០៣គូ និងកុំព្យូទ័រ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ច កំពុងធ្វើការសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕
មតិយោបល់