ព័ត៌មានជាតិ

ច្រៀងទើបបានមួយឃ្លា ម្ចាស់ដើមការឲ្យឈប់ ខឹងចិត្តវាយអ្នកភ្លេងនិងឧបករណ៍តន្ត្រី ខូចខាតយ៉ាងដំណំ

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ មិត្ត ម៉េង ស្ថិតភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មានករណីបុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីស្រវឹងស្រាជោគជាំឡើងច្រៀងចង្វាក់ស្លូរ ខណៈច្រៀងបានមួយឃ្លារម្ចាស់ដើមការឲ្យក្រុមតន្ត្រីឈប់ប្រគុំដោយសារយប់ជ្រៅពេកចង់រាំញាក់វិញ ភ្លាមនោះក៏ខឹង ស្ទុះទៅវាយតន្ត្រីករម្នាក់របួសយ៉ាងដំណំ និងវាយបំផ្លាញឧបករណ៍តន្ត្រីរងការខូចខាតមួយចំនួន ។

ជនសង្ស័យឈ្មោះ សឹម ភា ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ (ឃាត់ខ្លួន)។
ជនរងគ្រោះចំនួន២នាក់រួមមាន៖
១/ឈ្មោះ ញ៉ឹប សឿង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ក្រុមតន្ត្រីសម័យ ម៉ី ខន (ខូចខាតឧបករណ៍ភ្លេងមួយចំនួន)។
២/ឈ្មោះ វើត ធី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។
ទាំង២នាក់ មានទីលំនៅក្នុងភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករក្រុមតន្ត្រីសម័យ ម៉ី ខន (រងរបួសជាំក្បាល និងដងខ្លួន)។

សម្ភារៈខូចខាត៖
-អេហ្វិចចំនួន១គ្រាប់
-LEDចំនួន ១ផ្ទាំង
-អកចុចចំនួន២ដើម
-មីក្រូហ្វូនចំនួន ២គ្រាប់ និងទូរស័ព្ទដៃចំនួន ២គ្រឿង ។

ដំណើររឿង៖ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមតន្ត្រីសម័យ(អកកេះ) ម៉ី ខន ត្រូវបានម្ចាស់ដើមការ ជួលទៅប្រគុំក្នុងកម្មវិធីការកូន ស្ថិតភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។ ក្រុមតន្ត្រីសម័យបានប្រគុំច្រៀងរាំ កំដរភ្ញៀវជាធម្មតា រហូតដល់វេលាម៉ោង ២២និង ៣០នាទី ស្រាប់តែជនសង្ស័យឈ្មោះ សឹម ភា និងឈ្មោះ គូ វី ភេទប្រុស សំណូមពរច្រៀងបទចង្វាក់ស្លូ ១បទ ពេលនោះឈ្មោះ គូ វី ច្រៀងទើបតែបានមួយឃ្លា ម្ចាស់កម្មវិធីឲ្យខាងក្រុមតន្ត្រីបញ្ឈប់ការច្រៀង ហើយប្ដូជាច្រៀងចម្រៀងបែបចង្វាក់ញាក់សប្បាយៗវិញ ព្រោះជិតចប់កម្មវិធីទៅហើយ ស្រាប់តែជនសង្ស័យស្រវឹងស្រាជោកជាំផងនោះ ខឹងសម្បាររួចវាយកម្មករក្រុមតន្ត្រីឈ្មោះ វើត ធី បណ្ដាលឲ្យរងរបួសពេញខ្លួន ហើយផែមទាំងវាយបំផ្លាញឧបករណ៍តន្រ្តី ខូចខាតអស់មួយចំនួនធំថែមទៀតផង ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ ក៏គេចខ្លួនបាត់ទៅ។ ដោយឡែកជនរងគ្រោះ វើត ធី ត្រូវខាងក្រុមតន្ត្រីបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យឯកជននៅស្រុកកោះធំ លុះដល់ថ្ងៃទី២៤ ជនរងគ្រោះបានមកប្ដឹងនគរបាលប៉ុស្ដិ៍រដ្ឋបាលឈើខ្មៅដើម្បីចាត់ការតាមច្បាប់។ បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ឈើខ្មៅ សហការជាមួយកម្លាំងជំនាញស្រុក ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ តែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននរគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់