ព័ត៌មានជាតិ

Updated៖ មានបងប្អូនណាបាត់កូន ប្អូន ឫបងទេ? សង្ស័យករណីឃាតកម្ម យុវជនម្នាក់វ័យជាង ២០ឆ្នាំ ត្រូវគេចាក់ទម្លុះបំពង់ក

ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន ៤នាក់បាននាំគ្នាទៅដកក្រអៅឈូក និងបាចត្រីនៅក្នុងស្រែដាំឈូកមួយកន្លែង ស្រាប់តែប្រទះឃើញសាកសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ នៅក្នុងទឹកបឹងឈូកនោះ ដែលត្រូវឃាតកចងជើងទាំង ២ជាប់គ្នា រួចចាក់ទម្លុះបំពង់កសម្លាប់ចោល។ បន្ទាប់មកពួកគាត់បាននាំគ្នារត់ទៅប្រាប់ដល់អ្នកភូមិជាមួយបង្កឲ្យមានការភ្ញាក់ផ្អើល ព្រមទាំងបានរាយការណ៍ជូនសមត្ថកិច្ច ឲ្យចុះទៅកាន់ទីតាំងកើតហេតុនោះភ្លាមៗដែរ។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងទឹកទឹកស្រែដាំឈូក ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សាកសពបុរសរងគ្រោះខាងលើនេះ មិនទាន់ត្រូវបាននរណាម្នាក់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង ២០ឆ្នាំ ស្លៀកខោពណ៌ខ្មៅជើងវែង និងពាក់អាវពណ៌ខ្មៅដៃខ្លី។ ដោយឡែកនៅក្នុងព្រៃដំបូកជិតកន្លែងកើតហេតុនោះ ត្រូវបាននគរបាលរកឃើញស្នាមឈាមអូសទម្លាក់ក្នុងស្រែដាំឈូក ព្រមទាំងមានស្បែកជើងផ្ទាត់១គូរ និងដបទឹកសុទ្ធរួមជាមួយទុយោជ័រដែលសង្ស័យជាសម្ភារៈប្រើប្រាស់គ្រឿងញៀនថែមទៀតផង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលប្រជាពលរដ្ឋខាងលើ បានដើរទៅដកក្រអៅឈូក និងបាចត្រីធ្វើម្ហូបនៅក្នុងស្រែឈូក ស្រាប់តែប្រទះឃើញសាកសពអណ្ដែតទឹកនៅទីនោះ។ បន្ទាប់មកពួកគាត់ក៏បានរត់ទៅប្រាប់ឲ្យអ្នកភូមិជាមួយគ្នា ហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ទើបពេលនោះនគរបាលប៉ុស្តិ៍កំបូល និងនគរបាលខណ្ឌកំបូលចុះទៅកាន់កន្លែងកើតហេតុ ព្រមទាំងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅកោសល្យវិច័យ។

ក្រោយមកក៏ស្រង់សពឡើងគោក ឃើញមានស្នាមចាក់ទម្លុះបំពង់ករហូតដល់ស្លាប់ ព្រមទាំងយកខោពណ៌ខ្មៅចងជើងទាំង ២ជាប់គ្នាថែមទៀតផង រួចហើយនគរបាលប៉ុស្តិ៍ នគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយកសាកសពទៅកាន់ឈាបនដ្ឋានវត្តជម្ពូវ័ន ដើម្បីធ្វើកោសល្យវិច័យបន្តទៀត៕

មតិយោបល់