ព័ត៌មានជាតិ

មេឈ្មួញឈើវៀតណាមម្នាក់ បើករថយន្តដេញបុកអ្នកកាសែត ខណៈចុះទៅថតសកម្មភាព

ឧត្តរមានជ័យ: អ្នកកាសែត២នាក់ ត្រូវបានមេឈ្មួញរកស៊ីឈើគ្រញូងដ៏ល្បីម្នាក់ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជិះរថយន្តដេញបុកបណ្តាលឲ្យរងការខូចខាតរថយន្តអស់មួយចំហៀងខាងឆ្វេង ខណ:ពេលអ្នកកាសែតទាំង២នាក់ ខាងលើចុះទៅថតសកម្មភាពពួកគេកំពុងទម្លាក់ឈើគ្រញូងចេញពីរថយន្ត មានចំនួនប្រហែលជាង១តោន។

ករណីនេះ បានកើតឡើងនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវជាតិលេខ៦៧B ខាងត្បូងសាលាឃុំត្រពាំងប្រិយ៍ ចម្ងាយ ៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

តាមសម្តីរបស់លោក ប៉ែន នួន ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកបើកបរនិងឈ្មោះ ខៀវ សុផានុរស្ស ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នករួមដំណើរ អ្នកទាំង២នាក់ជាជនរងគ្រោះ បានឲ្យដឹងថា ក្រោយពេលពួកគាត់ បានថតសកម្មភាព ក្រុមឈ្មួញខាងលើកំពុងទម្លាក់ឈើគ្រញូង ចេញពីរថយន្តម៉ាកលុចស៊ីស RX៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២Y-៦៧២៨ នៅចំណុចភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពួកគាត់ក៏បានជិះរថយន្តរបស់ខ្លួនម៉ាក CRV ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ២H-៦១៧៣ នៅពេលត្រឡប់មកទីរួមស្រុកអន្លង់វែងវិញ ក៏ស្រាប់តែ ស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ យាយម៉ាយ បើករថយន្តម៉ាកលុចស៊ីសRX៣០០ ពណ៌ខ្មៅ នោះដឹកកូនចៅ របស់ខ្លួន៣នាក់ ដេញបុក រហូតមកដល់ចំណុចកើតហេតុខាងលើទើបបុកបានសម្រេច ដោយ រថយន្តអ្នកកាសែតទាំង២នាក់ ធ្លាក់ចិញ្ចើម ផ្លូវ ហើយ យាយម៉ាយ ក៏បញ្ជាឲ្យកូនចៅរបស់ខ្លួនចុះមកគាស់ទ្វារថយន្តជនរងគ្រោះតែគាស់មិនបាន បានត្រឹមតែធាក់ទ្វាជាច្រើនជើង ហើយរត់ឡើងរថយន្តបើកគេចខ្លួនបាត់។

ក្រុមព័ត៌មានបានអន្តរាគមន៍ ដល់កម្លាំងប្រដាប់អាវុធទាំងពីរអង្គភាព គឺ កងរាជអាវុធហត្ថស្រុកនិងអធិការនគរបាលស្រុក ចេញចាប់ឃាត់ខ្លួន ជនបង្ក និងរថយន្ត បានភ្លាមៗផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

IMG_4034

IMG_4035

IMG_4036

IMG_4037

IMG_4038

IMG_4039

មតិយោបល់