ភ្នំពេញៈ កាលពីវេលាម៉ោង ១៨ និង ៤៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លើមហាវិថីសហព័ន្ធរ៉ុស្សីមុខឃ្លាំងប្រេងរថយន្ត ប្រលានពោធិ៍ចិនតុង ស្ថិតភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FK-4116 បើកបរដោយឈ្មោះ ឆាយ បូរ៉ា អាយុ២៧ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន និងលក់ផលិតផលផ្តាច់បារី«Vape»តាមអនឡាញ មានទីលំនៅក្បែរវត្តទួលសង្កែ ស្ថិតសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្សី ទិសដៅពីកើតទៅលិចក្នុងលឿនល្មមក្នុងគោលបំណងទៅការមិត្តភក្ដិ ខណៈមកដល់ចំណុចខាងលើមានម៉ូតូសណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ ជូ សុផល អាយុ២៥ មុខរបរជាងផ្សារដែក បច្ចុប្បន្ន នៅស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដឹកសម្ភារៈដែកឆ្លងបញ្ច្រាសខ្វះការប្រុងប្រយ័ត្នមិនទាន់ផុតរបាំងថ្មពុះចែកទ្រូងផ្លូវផង ស្របគ្នាមានរថយន្តមួយគ្រឿងទៀតនៅបាំងម៉ូតូរ៉ឺម៉ក ជាហេតុធ្វើឲ្យជនរងគ្រោះ វ៉ាកអើ មិនដឹងគេចទៅចន្លោះណា បានបុកជាមួយនឹងតួររ៉ឺម៉កពេញទំហឹង បណ្តាលឲ្យបោកផ្ទប់និងតួររ៉ឺម៉កចំក្បាលបាក់កស្លាប់មួយរំពេច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នាពេលក្រោយ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់