ភ្នំពេញៈ នៅវេលាម៉ោង ២ និង ៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមបណ្ដោយផ្លូវ១០៦កែងនិងផ្លូវR5 ស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីប្លន់មួយកើតឡើង។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ធឿន អាយុ ២០ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រួមជាមួយមិត្តភក្តិម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1U-9592 និងមិត្តភក្តិពីរនាក់ទៀតជិះម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាក ស៊ុយស័រគីស្មាក់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BD-8142 ជិះបណ្តើរគ្នាមកពីដើរលេងនៅឯជ្រោយចង្វាត្រើយខាងកើត បំណង់ជិះត្រឡប់ទៅផ្ទះវិញនៅម្តុំទួលសង្កែ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកែងនិងផ្លូវ១០៦ក្បែរនិងកន្លែងកើតហេតុក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នាជាង១០នាក់ប្រដាប់ដោយកាំបិតស្ទើរដៃជិះម៉ូតូ៦ទៅ៧គ្រឿង តាមពីក្រោយជនរងគ្រោះបន្ទាប់មកក៏ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំដៃខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះជនរងគ្រោះព្យាយាមបើកម៉ូតូបត់ស្តាំទៅផ្លូវ១០៦រត់គេចពីក្រុមជនសង្ស័យដោយសាភាពភ័យស្លន់ស្លោ រហូតមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានផ្តួលម៉ូតូចោលរត់យករួចខ្លួន ខណៈនោះមិត្តភក្តិរបស់ជនរងគ្រោះដែលជិះម៉ូតូស្មាក់វីតាមមកពីក្រោយក៏ត្រូវក្រុមជនសង្ស័យទាញកាំបិតដេញកាប់ភ័យរត់ចោលម៉ូតូផងដែរ។ បន្ទាប់មកក្រុមជនសង្ស័យនាំគ្នាយកដុំថ្មវាយកម្ទេចម៉ូតូមិត្តជនរងគ្រោះបែកចង្កៀងនិងបែកកាបាំងខាងមុខនិងបម្រុង លើកយកជនរងគ្រោះជិះគេចខ្លួន តែត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញដែលប្រចាំការនៅគោលដៅ ចេញមកអន្តរាគមន៍បណ្តាលឲ្យក្រុមជនសង្ស័យភ័យនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកជនសង្ស័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់