ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជាងសំណង់ ៣នាក់ ករណីលួចម៉ូតូអ្នកលក់តៅហ៊ូម្នាក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីទៀបភ្លឺ មានជនជាតិចិនម្នាក់ ភេទប្រុស បានប្តឹងរាយការណ៍ថា ម៉ូតូរបស់គាត់ ១គ្រឿងម៉ាក SIRIUS ពណ៌ទឹកប៊ិច ត្រូវបានជនសង្ស័យលួចយកទៅបាត់ ខណៈដែលគាត់ចតម៉ូតូទុកនៅមុខផ្ទះនៅចំណុចម្តុំសាលារៀនអូរ២ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃដដែល ក៏ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ព្រមទាំងម៉ូតូដែលបាត់នោះនៅចំណុចក្រោយផ្សារមាន់ ស្ថិតនៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ រួចបន្តទៅធ្វើការឃាត់ខ្លួនបានបក្ខពួករបស់ជនសង្ស័យចំនួន ២នាក់ទៀតជាបន្តបន្ទាប់ ។

ជនរងគ្រោះឈ្មោះ SHAO XIAN CHUN ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរលក់តៅហ៊ូ មានទីស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
សម្ភារៈបាត់បង់៖ ម៉ូតូ១គ្រឿង ម៉ាក SIRIUS ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ មានលេខតួៈ 029864 ។

ជនសង្ស័យទាំង៣នាក់ រួមមាន៖
១-ឈ្មោះ ម៉ែន សុខនី ហៅ ខ្មៅ ភេទប្រុស អាយុ ១៩ឆ្នាំ ។
២-ឈ្មោះ ភឿក កក្កដា ហៅ គួយ ភេទប្រុស អាយុ ២៧ឆ្នាំ ។
៣-ឈ្មោះ អឿន ស៊ុអុន ភេទប្រុស អាយុ ១៧ឆ្នាំ ។
អ្នក ៣នាក់ មានមុខរបរ ជាងសំណង់ ស្នាក់នៅ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យក៖ម៉ូតូចំនួន ៣គ្រឿង
-ម៉ាក SIRIUS ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ មានលេខតួៈ 029864
-ម៉ាក SIRIUS ពណ៌ក្រហម-ខ្មៅ គ្មានផ្លាកលេខ លេខតួ និងលេខម៉ាស៊ីន ឈូសចោល
-ម៉ាក AIR BLADE ពណ៌ទឹកក្រូច គ្មានផ្លាកលេខ លេខតួ និងលេខម៉ាស៊ីន ឈូសចោល ជាផលនៃអំពើលួច
-សោច្នៃសម្រាប់កាច់បំបែកសោរកម៉ូត១ដើម
-សម្ភារៈសម្រាប់ដោះម៉ូតូមួយចំនួន ។

ចំពោះករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់