សៀមរាបៈ នៅវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ប៉ុស្ដិ៍នគរបាលរដ្ឋបាលគោកចក និងផ្នែកព្រហ្មទណ្ឌនគរបាលក្រុងសៀមរាប ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុង និងមានការឯកភាពពីលោក ភឹង ចិន្ដារ៉េត ស្នងការរង និងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រចឃាត់ខ្លួនជនសង្ស័យឈ្មោះ អឿ អួន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម សង្ស័យពីបទឆបោក នឹងគ្របដណ្ដប់បែបពុទ្ធសាសនាដោយគ្មានសិទ្ធ និងប្រើប្រាស់ត្រាក្លែងក្លាយ។
ដំណើររឿង៖ នៅថ្ងៃកើតហេតុស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បន្ទាប់ពីបានទទួលព័ត៌មានពីព្រះសង្ឃនៅវត្តថ្មី (វត្តក្បាលខ្មោច) ថាមានព្រះសង្ឃក្លែងក្លាយ នឹងដើររ៉ៃអង្គាសប្រាក់ហើយផ្សិករួច កម្លាំងជំនាញបាននាំជនសង្ស័យខាងលើ មកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគ្រងដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ ដើររ៉ៃអង្គាសប្រាក់ ពេលបានប្រាក់ហើយជនសង្ស័យបានយកចាយវាយផ្ទាល់ខ្លួន ឆែកឆេរ ក៏ឃើញនិងដកហូតវត្ថុតាងល្មើសមាន៖
-ត្រាក្លែងក្លាយចំនួន០៥
-ឆាយាល័ក្ខណ៍គណៈមហានិកាយ ចំនួន ០៤ថែមទៀត។
ករណីនេះ ជនសង្សយ័បានសារភាពថា ទុកសម្រាប់ប្រើប្រាស់ពេលរ៉ៃអង្គាសលុយពីពុទ្ធបរិសទ័ ហើយលោកអធិការនគរបាលក្រុងសៀមរាប បានបញ្ជាឲ្យផ្នែកព្រហ្មទណ្ឌក្រុង និងប៉ុស្ដិ៍សហការគ្នាកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់