ភ្នំពេញៈ កញ្ចុះឈើប្រក់ស្បូវចំនួន៩ខ្នង នៅក្នុងភោជនីយដ្ឋានចំការមាន ត្រូវបានអគ្គិភ័យលេបត្របាក់ ដោយសារតែការដុតសំរាមចោល មិនបាននៅមើលឲ្យបានត្រឹមត្រូវ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចភោជនីយដ្ឋានចំការមាន តាមបណ្ដោយ១៩៥៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីបុគ្គលិក ដែលបម្រើការនៅក្នុងភោជនីយដ្ឋានខាងលើ បានឲ្យដឹងថា នៅមុនកើតហេតុ មានប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បាននាំគ្នាយកសំរាមមកបោះចោល នៅខាងមុខជាប់និងរបងភោជនីយដ្ឋាន បន្ទាប់មកក៏មានជនមិនស្គាល់មុខ បានធ្វើការដុតសំរាមទាំងនោះ។
លុះដល់វេលាកើតហេតុ ខណៈដែលមានភ្ញៀវជាច្រើន កំពុងអង្គុយហូបចុកកម្សាន្ត នៅខាងក្នុងភោជនីយដ្ឋាន ស្រាប់តែភ្លើងបានឆាបសំរាមកាន់តែខ្លាំងទ្បើង រួមទាំងមានខ្យល់បក់ផងនោះ បង្កឲ្យមានរងើកភ្លើងហោះ ទៅធ្លាក់លើកញ្ចុះប្រភេទ ឈើប្រក់ស្បូវ ដែលនៅខាងក្នុងភោជនីយដ្ឋាន ក៏កើតជាអណ្ដាតភ្លើងឆាបឆេះដំបូងស្បូវយ៉ាងសន្ធោសន្ធៅតែម្ដង។
ករណីនេះ បានធ្វលឲ្យផ្អើលដល់ភ្ញៀវ និងបុគ្គលិក នាំគ្នារត់ចេញទៅខាងក្រៅភោជនីយដ្ឋាន និងខ្លះទៀតក៏នាំគ្នាទាញទុយយោ បាញ់ទឹកពន្លត់។
បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗចំនួន៤គ្រឿង ដោយប្រើទឹកអស់ចំនួន៣រថយន្ត ទើបភ្លើងរលត់ទៅវិញ។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ គឺគ្រាន់តែឆេះខូចខាតកញ្ចុះ សម្រាប់ភ្ញៀវអង្គុយទទួលទានអាហារ ប្រភេទឈើប្រក់ស្បូវ ទំហំប្រមាណ៥x៥ម៉ែត្រចំនួន៩កញ្ចុះ រួមទាំងសម្ភារមួយចំនួនផ្សេងទៀត បានរងការខូចខាត។
មូលហេតុ៖ បណ្តាលមកពីការដុតសំរាមចោល មិនបានធ្វើការពន្លត់វិញ៕
មតិយោបល់