ព័ត៌មានជាតិ

ករណីបាត់ខ្លួនមនុស្ស ៣នាក់ ជិះទូកទៅនេសាទ នៅខេត្តព្រះសីហនុ ទើបតែរកឃើញ សពបុរសម្នាក់ទេ

ព្រះសីហនុៈ ករណីកម្មករទូកនេសាទ៣នាក់ ដែលបានបាត់ខ្លួន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ហើយត្រូវគេប្រទះឃើញសាកសពម្នាក់ ជាប់មងនៅជិតកោះថាស ក្នុងខេត្តព្រះសីហនុ និង២នាក់ផ្សេងទៀត គឺនៅមិនទាន់រកឃើញ សាកសពនោះទេ។

សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីបាត់ខ្លួនអ្នកនេសាទលើទូកចំនួន៣នាក់ ខណៈទៅនេសាទនោះ ម្ចាស់ទូកឈ្មោះ លី គីមលី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្រុម៧ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និយាយថា ទូករបស់គាត់ជាប្រភេទទូក BE បានរកឃើញនៅខេត្តកោះកុង ប៉ុន្តែមិនឃើញកម្មករអ្នកបើកបរទូកនៅទីនោះទេ ដោយមានអ្នកនេសាទផ្សេងទៀត បានប្រាប់គាត់ថា ឃើញសាកសពម្នាក់ នៅខាងជើងកោះថាស ក្នុងខេត្តព្រះសីហនុ ជាប់មង ពួកគេបានទាញសព យកមកដីគោក រួចរាយការណ៍ប្រាប់សមត្ថកិច្ច។

សមត្ថកិច្ច បានបន្តថា សាកសពបុរសម្នាក់ បានរកឃើញហើយ ខណៈជនរងគ្រោះ ២នាក់ទៀត បាត់ខ្លួនមិនទាន់មានដំណឹង៖

១-ឈ្មោះ ណែម ពឿន ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរទូក មានទីលំនៅក្រុម២៧ ភូមិ៣ សង្កាត់លេខ១ ក្រុង ព្រះសីហនុ។
២-ឈ្មោះសុខ វណ្ណៈ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នេសាទ ស្នាក់នៅលើទូកនេសាទ។ ចំណែកឯសពរកឃើញ ឈ្មោះ រ៉ា ហៅខ្មៅ ភេទប្រុសអាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ស្នាក់នៅលើទូកនេសាទ។

ករណីនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យ និងស្រាវជ្រាវបន្ត៕

មតិយោបល់