ព័ត៌មានជាតិ

ស្រ្ដីអ្នកលក់ត្រីម្នាក់ ត្រូវប៉ូលិសឃាត់ខ្លួន ករណីលួចនៅក្រុងតាខ្មៅ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនស្រ្ដីម្នាក់ បន្ទាប់ពីសង្ស័យស្ត្រីរូបនេះ បានចូលក្នុងផ្ទះគេ លួចលុយ តែមិនបានសម្រេច ត្រូវម្ចាស់ផ្ទះឃើញទាន់ ចាប់ខ្លួនឲ្យសមត្ថកិច្ចតែម្ដង ។

ករណីនេះ បានកើតឡើងវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ស្រ្ដីសង្ស័យឈ្មោះ គឹមយិន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ត្រី បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្តាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកស្រ្ដីរងគ្រោះ ឈ្មោះ មឿន គន្ធា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ/សង្កាត់កើតហេតុខាងលើ ។
ដោយឡែកវត្ថុតាងដកហូតបានមាន៖ ម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ- 1CN 5145 ,លុយរៀលចំនួន ៥៩៩,៨០០រៀល ,ទូរស័ព្ទចំនួន៣គ្រឿង ,កាបូបដៃ ពណ៌ក្រហមក្រម៉ៅចំនួន១ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ស្រ្ដីរងគ្រោះបានដេកលើគ្រែខាងមុខផ្ទះរបស់ខ្លួន ខណ:នោះស្រាប់តែស្រ្ដីសង្ស័យ បានធ្វើសកម្មភាពចូល ក្នុងបន្ទប់ដេករបស់ស្រ្ដីរងគ្រោះខាងក្នុងផ្ទះ ភ្លាមនោះប្ដីរបស់ជនរងគ្រោះ បានចេញពីក្នុងបន្ទប់ទឹកវិញ ក៏បានឃើញស្រ្ដីសង្ស័យ ដើរចេញពីក្នុងផ្ទះរបស់ខ្លួន រួចក៏ឃាត់ខ្លួនស្រ្ដីសង្ស័យ ហើយធ្វើការសួរនាំ ដោយសង្ស័យថាស្រ្ដីជាចោរ ក៏ប្ដឹងសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់តែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់