ព័ត៌មានជាតិ

កម្ពុជានាំសាច់សត្វចូលពីក្រៅប្រទេសប្រមាណជាង១០០លានដុល្លាក្នុង១ឆ្នាំ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានលើកឡើងថា កម្ពុជាបាននាំសាច់សត្វចូលពីក្រៅប្រទេសប្រមាណជាង១០០លានដុល្លារក្នុង១ឆ្នាំ ក្នុងនោះការនាំចូលត្រី មានចំនួន៤៥លានដុល្លារ ហើយកម្ពុជាបាននាំចេញត្រីទៅក្រៅប្រទេសវិញ មានចំនួនត្រឹមតែ៤០លានដុល្លារក្នុង១ឆ្នាំ ខណៈគេប៉ាន់ប្រមាណថា នៅឆ្នាំ២០២០ ប្រជាជនកម្ពុជានឹងកើនដល់ជាង១៧លាននាក់ បូកបញ្ចូលទាំងចំនួនអ្នក​ទេសចរណ៍ជាង៧លាននាក់ទៀតនោះ កម្ពុជានឹងត្រូវការសាច់សត្វរហូតដល់ ៣១៤ពាន់តោនក្នុង១ឆ្នាំ។

ការលើកឡើងដូចនេះ បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីអំពី សុខភាពសត្វ និង ផលិតកម្មសត្វ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ។ ជាមួយនោះលោករដ្ឋមន្រ្តីបានជំរុញ​ឱ្យមន្រ្តីពាក់ព័ន្ធពិនិត្យឱ្យបានហ្មត់ចត់ លើការនាំចូលសាច់សត្វពីប្រទេសជិតខាងដែលខូចគុណភាព និងមានដាក់នៅសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស។

ឆ្លើយតបទៅនឹងកំណើនមនុស្ស និងដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកនោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានស្នើឱ្យមានការជម្រុញពង្រីកការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជន ដែលបានវិនិយោគលើការចិញ្ចឹមសត្វបែបកសិដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់សំដៅផ្គត់ផ្គង់សត្វ និងសាច់សត្វឱ្យបានគ្រប់គ្រាន់ធានាស្ថេរភាពតម្លៃក្នុងទីផ្សា បំរើឱ្យការនាំចេញ និងកាត់បន្ថយការនាំសាច់សត្វចូលពីបរទេស។

លោក វេង សាខុន បានស្នើឱ្យអង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ និង មន្ទីរកសិកម្មរាជធានីខេត្តជួយជំរុញមន្រ្តីជំនាញផលិតវ៉ាក់សាំង ផលិតចំណី ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដែលមានស្រាប់ បង្ការទប់ស្កាត់ជំងឺរាលដាលនៃសត្វ ជំងឺឆ្លងពីមនុស្សនិងមនុស្សមកសត្វគ្រប់រូបភាព ពង្រឹងការត្រួតពិនិត្យអនាម័យសត្វ ចំណីសត្វ និងបសុឱសថព្រមទាំងរឹតបណ្តឹងឱ្យបានកាន់តែសកម្មក្នុងការសហការទប់ស្កាត់ចលនាសត្វនិងផលិតផល មានដើមកំណើតពីសត្វខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាពិសេសខេត្តជាប់ព្រំដែន។

លោក វេង សាខុន បានលើកឡើងទៀតថា មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់នៃខេត្តជាប់ព្រំដែនត្រូវគិតគូរឱ្យបានខ្លាំងក្លាទៅលើគុណភាពសាច់សត្វនាំចូលគ្រប់ប្រភេទ ព្រោះថា ការនាំចូលសាច់សត្វតាមច្រករបៀង មិនមានការត្រួតពិនិត្យលើគុណភាពបានត្រឹមត្រូវនោះទេ អាចនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

បច្ចុប្បន្ន ការត្រួតពិនិត្យមិនបានគ្រប់ជ្រុងជ្រោយនៅឡើយទេ លើការនាំចូលសត្វ ឬ សាច់សត្វគ្រប់ប្រភេទពិសេសប្រហិត «ថ្មីៗខ្ញុំទៅប្រកាសប្រធានមន្ទីរនៅខេត្តកោះកុង ខ្ញុំសាកហតដកមួយ ហតដកនោះវាបានធ្វើឱ្យបេះដូងខ្ញុំរពើតរពើង នេះជាសញ្ញាមួយនៃការដាក់ថែមនូវសារធាតុម៉្យាង ដើម្បីរក្សាទុកនូវគុណភាពសាច់នោះឱ្យបានយូរ ធ្វើឱ្យខ្ញុំត្រូវការថ្នាំ២គ្រាប់ ដើម្បីទប់ទល់ នេះជាចំណុចមួយដែលទាមទាឱ្យមានការត្រួតពិនិត្យទាំងអស់គ្នា បញ្ហានេះនៅថ្ងៃណាមួយវានឹងជះឥទ្ធិពលអាក្រក់ទៅនឹងសុខភាពរបស់យើង ហើយអាចក្លាយជាជំងឺមហារីក ឬក៏ពាក់ព័ន្ធដល់ជំងឺត្រសៃប្រសាទ និងជំងឺផ្សេងៗទៀត»៕

picDSC_9197DSC_9198DSC_9193

មតិយោបល់