ព្រះសីហនុៈ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ សហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានធ្វើការឃាត់ខ្លួន
ជនសង្ស័យឈ្មោះ ធី វណ្ណះ ហៅ ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិត្រពាំងចាម ឃុំពោធិ៍ ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង ។
ដំណើររឿង៖ កាលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យ និងជនរងគ្រោះ (សព) បានចេញទៅនេសាទត្រី នៅចំណុចកោះថាស ស្ថិតក្នុងទឹកដីក្រុងកោះរ៉ុង។
លុះដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩ និង៣០នាទីព្រឹក បានប្រទះឃើញសាកសពអណ្តែតលើផ្ទៃសមុទ្រ ឈ្មោះ ប៊ុន បូរ៉ា ភេទប្រុស ឆ្នាំកំណើត១៩៨២ ជនជាតិខ្មែរ ជាកូនដៃទូក មានស្រុកកំណើ់ត ភូមិ-ឃុំ ជាមួយនឹងជនសង្ស័យ។
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង១០ និង០០នាទីព្រឹក បានប្រទះឃើញសាកសពអណ្តែតលើផ្ទៃសមុទ្រ ឈ្មោះ ហែម ពឿន ភេទប្រុស ឆ្នាំកំណើត១៩៩៤ ជនជាតិខ្មែរ ជាតៃកុងទូក មានស្រុកកំណើត ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្ដកំពត ។
ឆ្លងតាមការពិនិត្យ និងធ្វើកោសល្យវិច័្ឆយ ជុំវិញករណីសាកសពទាំងពីរនាក់ខាងលើ សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្រ្ដនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ អាចធ្វើការសន្និដ្ឋានបានថា គឺជាករណីឃាតកម្ម ដែលប្រព្រឹត្ដនៅលើផ្ទៃសមុទ្រ ស្ថិតក្នុងតំបន់កោះថាស ដែនទឹកនៃខេត្ដព្រះសីហនុ កាលពីថ្ងៃទី ០១.០៣.២០២០ ពិតប្រាកដមែន ។
តាមចម្លើយសារភាពរបស់ឈ្មោះ ធី វណ្ណៈ បានឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១១ និង៣០នាទី ជនសង្ស័យ បានប្រើប្រាស់នូវសារធាតុញៀនហួសកម្រិត ក្រោយពេលអូសមងបានពីរដៃ ជនសង្ស័យបានយកញញួរវាយ ទៅលើតៃកុងទូកចំនួន២ញញួរ និងរុញទម្លាក់ទឹក ដោយសារខ្លួនភ័យខ្លាចកូនដៃទូកម្នាក់ ដែលជាអ្នកភូមិនឹងគ្នា យករឿងរាយការណ៍ជូនសមត្ថកិច្ច ខ្លួនក៏យកកាំបិត កាប់ទៅលើកូនដៃទូក ឈ្មោះ ប៊ុន បូរ៉ា ត្រូវសៀតថ្កា១កាំបិត រួចរុញទម្លាក់ទឹកទៀត ។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានបើកទូកមកចតនៅផែរ៉ូយ៉ាល់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ រួចរត់គេចខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់មកឲ្យសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ការបន្តតាមនិតិវិធី និងធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់