ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១សីហា បានជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងគីតាគ្យូស៊ុរបស់ប្រទេសជប៉ុនដឹកនាំដោយលោកTAKEHIRO TOMACHI ប្រធានសភាទីក្រុងគីតាគ្យូស៊ុ ខេត្តហ៊្វូគុអូកាក្នុងឧិកាសអញ្ជើញ មកបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ។
នេះជាលើកដំបូងហើយរបស់គណៈប្រតិភូទីក្រុងគីតាគ្យុស៊ូដែលបានមកបំពេញ ទស្សនៈកិច្ចផ្លូវការនៅរាជធានីភ្នំពេញក្រោយទីក្រុងទាំង២បានចុះហត្ថលេខាចងសម្ពន្ធ័មេត្រីភាពជាមួយគ្នាកាលពីចុងខែមិនាឆ្នាំ២០១៦កន្លងមកនេះក្នុងដំណើរទស្សនៈកិច្ចរបស់ ប្រតិភូទីក្រុងភ្នំពេញនៅទីក្រុងគីតាគ្យុស៊ូក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ទីក្រុងទាំង២ ជាពិសេសលើវិស័យទឹកស្អាត,ការកែលំអរបរិស្ថាននិងការកែឆ្នៃសំរាមជាដើម។ អ្វីដែលគួកត់សំគាល់ទៀតនោះ និងជាប្រវត្តិសាស្ត្រដែលសភាពហុបក្សចំនួន៤ គណបក្សរួមទាំងគណបក្សប្រឆាំងរបស់ជប៉ុនផងដែរ បានគាំទ្រយ៉ាងពេញទំហឹងក្នុងការ ផ្តល់កិច្ចសហការជាមួយរាជធានីភ្នំពេញ។ តាមរយៈអង្គការ JICA ទីក្រុងគីតាគ្យុស៊ុ បានជួយលើវិស័យទឹកស្អាតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបតាំងពីឆ្នាំ១៩៩៩មក។
លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា ការអភិវឌ្ឍរាជធានីភ្នំពេញ តែងទទួលបានការរួម ចំណែកពីជំនួយគាំទ្ររបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុននាពេលកន្លងមកក៏ដូចពេលនេះ ដែរមានដូចជា ការកែលំអរប្រពន្ធ័ការពារទឹកជំនន់ជំហ៊ានទី៣ និងបន្តទៅជំហ៊ានទី៤ទៀត ការកែលំអរប្រពន្ធ័លូ,ការជួយលើវិស័យអប់រំ,ការលើកកំពស់បរិស្ថានទីក្រុង,ការកែលំអរ ប្រពន្ធ័ចរាចរ ពាណិជ្ជកម្ម ការកែឆ្នៃសំរាមជាដើមដែលជំនួយទាំងអស់នេះធ្វើឡើងតាម រយៈអង្គការJICA ហើយអ្វីដែលប្រជាជនទីក្រុងភ្នំពេញមិនអាចបំភ្លេចបានគឺ ការជួយលើ វិស័យទឹកស្អាត។
លោកអភិបាលបន្តថា ថ្វីត្បិតតែរាជធានីភ្នំពេញកំពុងមានការអភិវឌ្ឍ តែ ក៏នៅជួបបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវដោះស្រាយដូចជា បញ្ហាស្ទះសំរាម,ស្ទះលូ ស្ទះចរាចរជាដើម។
លោក TAKEHIRO TOMACHIទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហស័ លោកក៏បានសំឡឹងឃើញការលំបាក១ចំនួនរបស់រាជធានីភ្នំពេញដែលទីក្រុងគីតាគ្យុស៊ុ នឹងបន្តជួយដល់រាជធានីភ្នំពេញជាបន្តទៀតក្នុងនាមជាទីក្រុងសម្ពន្ធ័ភាពនឹងគ្នា។ទីក្រុងគីតា គ្យុស៊ុ និងរាជធានីភ្នំពេញបានឈានដល់ការចុះហត្ថលេខាចងសម្ពន្ធ័ភាពនឹងគ្នាក្រោមអនុ សាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងផ្ទេរចំណេះដឹងលើការកែលំអរបរិស្ថាន ការគ្រប់គ្រងសំណល់រឹងរាវ ការងារដឹកជញ្ជូន ចរាចរ និងការផលិតទឹកស្អាតជា ដើមដែលទីក្រុងគីតាគ្យុស៊ុ មានជំនាញខ្ពស់លើការងារទាំងនេះ៕
មតិយោបល់