ព័ត៌មានជាតិ

លោកស្រី ប៊ូ ជីនហ្គ័រ ឯកអគ្គរដ្ឋទូតចិនចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១ ខែសីហានេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ប៊ូជីនហ្គ័រ ឯកអគ្គរដ្ឋទូតចិនចប់អាណត្តិ បេសកកម្មការទូតនៅកម្ពុជាជំរាបលាលោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្ទាប់ពីចប់ជំនួបសវនាការលោក​ ថៃ វណ្ណា ទីប្រឹក្សាលោក​ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍​លើកឡើងពីទំនាក់ទំនងនិងកិច្ច​សហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយអភិវឌ្ឍន៍មកដល់កម្ពុជា ​ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានរឹងមាំ ជាពិសេសលើវិស័យពាណិជ្ជកម្ម មានបានកើនឡើងជាង៤០០០លានដុល្លារក្នុង រយៈពេល៣ឆ្នាំនៃអាណត្តិបេសកកម្មការទូតរបស់លោកស្រី។ ហើយវិស័យ វិនិយោគមានទំហំទឹកប្រាក់ជាង ៨០០០លានដុល្លារ និងមានកម្ចីជំនួយឥតសំណងប្រហែល៥០លានដុល្លារ ព្រមទាំងជំនួយសម្ភារៈផ្សេងៗរួមមានរថយន្តសង្គ្រោះបន្ទាន់ ចំនួន២០០គ្រឿង និងសម្ភារៈមន្ទីរពេទ្យអុលត្រាសោនចំនួន២០០ គ្រឿង។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍បន្តថា ជំនួយរដ្ឋាភិបាល និងប្រជាជនចិនដែលបានជួយមកកម្ពុជា សាងសង់ស្ពានចំនួន៤ រួមមានស្ពានជ្រោយចង្វាទី២, ស្ពានតាខ្មៅ, ស្ពានកោះធំ, ស្ពានស្ទឹងត្រែង ហើយក្នុងរយៈពេល ៣ឆ្នាំនោះដែរ រដ្ឋាភិបាលចិនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន២៥នាក់។

លោក​ឧបនាយក រដ្ឋមន្ត្រី ​បានលើកឡើងទៀតថា រដ្ឋាភិបាលចិន គឺជាប្រទេសទី១ ដែលបានអភិវឌ្ឍន៍វារីអគ្គិសនីនៅកម្ពុជាដែលទឹកប្រាក់ចំនួន ៣០០០លានដុល្លារ ដែលមានវារីអគ្គិសនីចំនួន៧ ហើយវារីអគ្គិសនី៦បានសាងសង់រួចហើយ ដាក់ឲ្យ​ដំណើរការ ដែលផ្តល់ថាមពលចំនួន ៩២៨,១ មេហ្គវ៉ាត់។

ជាការឆ្លើយតបលោកស្រី​ ប៊ូ ជិនហ្គ័រ ឯកអគ្គរដ្ឋទូតចិន បានមានប្រសាសន៍ជំរាប លោកឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង ថា ដោយថ្លែងអំណរគុណដល់ លោក​ឧបនាយករដ្ឋមន្ត្រី ដែលបានជួយដល់បេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជាទទួលបានជោគជ័យ ហើយលោកស្រី​ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺជាមិត្តដ៏ល្អរបស់ប្រជាជនចិន។ លោកស្រីឯកអគ្គរដ្ឋទូតចិន បានជំរាប លោក​ឧបនាយក រដ្ឋមន្ត្រី ទៀតថា រដ្ឋាភិបាលចិននៅតែមានគម្រោង​ផ្តល់ជំនួយមកកម្ពុជានៅពេលបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា លោកស្រី ប៊ូ ចិនហ្គ័រ និងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ៕

photo_2016-08-01_15-04-10photo_2016-08-01_15-04-09photo_2016-08-01_15-04-08

មតិយោបល់